ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោក លី សុវណ្ណ ប្រគល់ផ្ទះមួយខ្នង ជូនគ្រួសារមួយដែលមានជីវភាពខ្វះខាត និងបន្តចុះពិនិត្យផ្លូវចាក់ថ្មមិច២០០០ម៉ែត្រ នៅឃុំទួលស្ដី ស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ លោក លី ស៊ីន តំណាងលោក លី សុវណ្ណ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំទួលស្តី បានដឹកនាំក្រុមការងារប្រគល់ផ្ទះមួយខ្នងមានទំហំទទឹង៦ម៉ែត្រ បណ្តោយ ៥ម៉ែត្រ ជូនដល់ក្រីក្រខ្វះខាតមួយគ្រួសារ និងបន្តចុះពិនិត្យផ្លូវចាក់ថ្មមិច២០០០ម៉ែត្រ ដែលអំណោយរបស់លោក លី សុវណ្ណ ប្រធានក្រុមការងារចុះជួយឃុំទួលស្ដីស្រុកចន្ទ្រាខេត្តស្វាយរៀង ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់លោកអភិបាលរង អធិការរងនគបាលស្រុក មន្ត្រីសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំទូលស្តី លោកមេភូមិកោះឫស្សី ផងដែរ ។

លោក លី ស៊ីន បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាជនក្រីក្រមានជីវភាពខ្វះខាត ក្នុងឃុំទួលស្ដី លោក លី សុវណ្ណ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំទួលស្តីស្រុកចន្ទ្រា បានចាត់ឲ្យរូបលោកចុះមកផ្ទាល់ និងធ្វើពិធីប្រគល់ផ្ទះមួយខ្នងដែលមានទំហំទទឹង៦ម៉ែត្របណ្តោយ ៥ម៉ែត្រដល់ជនក្រីក្រខ្វះខាតមួយគ្រួសារមានឈ្មោះទៀង មករា ចំណាយថវិកាអស់៤លាន៥សែនរៀលក្នុងការសាងសង់ ។

លោកក៏បានអំពាវនាវដល់គ្រួសារក្រីក្រ ដែលទទួលបានផ្ទះថ្មី ឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ ហើយខណៈ​ដែល​​មានភ្លៀងខ្យល់កន្ត្រាក់ ត្រូវរកកន្លែងដែលមានសុត្ថិភាព ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិដូចជាផ្ទះសម្បែងជាដើម ហើយត្រូវមើលថែកូន ចៅតូចៗ កុំឲ្យលេងទឹក ព្រោះអាច​បង្ក​ឲ្យមានគ្រោះថ្នាក់ដោយសារលង់ទឹក ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ និងកន្លែងដែលជាជម្រកមុសខ្លា គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយរដូវវស្សាហ៍បានមកដល់ សូមប្រជាពលរដ្ឋត្រូវត្រៀម​ឧបករណ៍​សម្រាប់ធ្វើស្រែចំការឲ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវដាំបន្លែរួមផ្សំបន្ថែមទៀតផងដែរ ។

ក្នុងឪកាសនោះ លោក លី ស៊ីន និងក្រុមការងារក៏បានបន្តចុះពិនិត្យផ្លូវចាក់ថ្មមិច២០០០ម៉ែត្រ ដែលអំណោយរបស់លោក លី សុវណ្ណ ប្រធានក្រុមការងារចុះជួយឃុំទួលស្ដីស្រុកចន្ទ្រាដែលកំពុងឈូសឆាយចំណាយថវិការ៨០លានរៀលដើម្បីឆ្លើយតបទៅ និងតម្រូវការរបស់ពលរដ្ឋក្នុងការដឹកកសិផលទៅកាន់ទីផ្សារ និងសម្រួលក្នុងធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅឃុំទួលស្ដីផងដែរ ៕ យឹម សុថាន


ចែករំលែក៖