ភ្នំពេញ ៖ បុរសជនជាតិអាមេរិកាំងម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើគ្រែពូកទាំងខ្លួនអាក្រាត ទាល់តែធុំក្លិនស្អុយតិចៗ ទើបមានការភ្ញាក់ផ្អើល ។
ហេតុការណ៍នោះ បានកើតឡើង កាលពីម៉ោង១១យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់អ័រអេស RS Guest House (បន្ទប់លេខL០៣) ជាន់ឡៅតឿ ផ្ទះលេខ៣៣E0 ផ្លូវលេខ១៧៨ ក្រុម៨ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឲ្យដឹងថា សពមានឈ្មោះSITES STEPHEN PATRICK ជនជាតិអាមេរិកកាំង(United States of America ) អាយុ៧៧ឆ្នាំ មុខរបរទេសចរកាន់លិខិតឆ្លងដែនលេខ៥៧៥៣០១៥៤១ ។
ក្រោយកើតហេតុកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ ចុះដល់កន្លែងកើតហេតុ រួចរាយការណ៍ជូនព្រះរាជអាជ្ញាការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ផែនការងារអន្តោប្រវេសន៍ និងលោកគ្រូពេទ្យកោសល្យវិច័យរាជធានី ដើម្បីបង្កើតគណៈកម្មការត្រួតពិនិត្យកោសល្យវិច័យលើសព ។
ជាលទ្ធផល តាមការពិនិត្យរបស់ លោកឧកញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ន និងការិយាល័យជំនាញបច្ចេកទេស បានបញ្ជាក់ថា ជនបរទេសរូបនោះស្លាប់ ដោយសារគាំងបេះដូង (អាចបណ្ដាលមកពីជំងឺលើសឈាម) ។
នៅកន្លែងកើតហេតុមានសម្ភារៈសពរួមមាន ៖ លិខិតឆ្លងដែនចំនួន០១ក្បាល ទូរស័ព្ទដៃចំនួន០១គ្រឿងកាតធនាគារ(ATM)ចំនួន០២សន្លឹក កុំព្យូទ័រ(laptop)០១គ្រឿង ប័ណ្ណបើកបរចំនួន០១សន្លឹកលុយដុល្លារចំនួន២៧ដុល្លារអាមេរិក និង វ៉ាលីចំនួន០១ និងខោអាវមួយចំនួន បានប្រគល់ឲ្យការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីផែនការងារអន្តោប្រវេសន៍ នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរក្សាទុក ។
បន្ទាប់ពីពិនិត្យរួច ខាងជំនាញបច្ចេកទេស បានដឹកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕ ជ្រោយពេជ្រ