ព័ត៌មានទាន់ហេតុការណ៍៖

ទង់ជាតិខ្មែររហែករហុយ ប្រឹងបក់រវិចៗលើដំបូលផ្សារកំពង់ធំបង្អួតភ្ញៀវទេសចរ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ទង់ជាតិកម្ពុជា ជាតំណាងជាតិសាសន៍ខ្មែរ ចំនួន៥ ដែលគេបង្ហូតលើផ្សារ កំពង់ធំ កណ្តាលក្រុងស្ទឹងសែន ខេត្តកំពង់ធំជាយូរខែឆ្នាំ មកហើយនោះ បានពុកផុយរហែកជាយស្ទើរទាំងស្រុង តែទង់ជាតិទាំងនេះហាក់មានកម្លាំងខ្លាំងនៅឡើយដោយប្រឹងបក់រវិចៗតាមជំនោរខ្យល់លើដំបូលផ្សារដើម្បីលំអមហាជន ជាពិសេសលោកប្រធានផ្សារដែលមានភ្នែក តែអត់ប្រស្រី ។

នេះជាការរិះគន់របស់មហាជន​បន្ទាប់ពីបានធ្វើដំណើរតាមផ្លូវជាតិលេខ៦ឆ្លងកាត់ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ ហើយក្រឡេកមើលលើដំបូលផ្សារកំពង់ធំ នាំគ្នាទះទ្រូងហួសចិត្តព្រោះឃើញទង់ជាតិតំណាងជាតិខ្មែររហែករហុយ ប្រឹងបក់រវិចបង្អួតភ្ញៀវទេសចរ ដោយមិនគួរណាអាជ្ញាធរមូលដ្ឋានឈ្ងោកមើលតែក្រោមភ្លេចមើលលើយ៉ាងនេះសោះ ។

ទាក់ទិននឹងការរិះគន់នេះ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានប្រាប់ភ្នាក់ងារកាសែតនគរវត្តកាលពីព្រឹកថ្ងៃទី៧​ខែ សីហា ឆ្នាំ២០១៩ នេះថា ពិតជាមានករណីនេះមែន។ នៅល្ងាចថ្ងៃទី ៤ខែសីហា ឆ្នាំ២០១៩ កម្លាំងរបស់លោកបានដោះដូរដាក់ថ្មីរួចហើយ បន្ទាប់ពីមានខ្យល់បក់ធ្វើឲ្យទង់ជាតិរហែកភ្លាមៗ ។ លោកថា ចំពោះការដែលមហាជនថតរូបទង់ជាតិរហែកនៅលើដំបូលផ្សារនេះយកទៅបង្ហោះតាមហ្វេសប៊ុកនោះ ទំនងខណៈដែលមានខ្យល់បក់រហែកទង់ជាតិភ្លាមថតបង្ហោះភ្លាមគ្រាដែលអាជ្ញាធរក៏កំពុងរៀបចំដោះដូរភ្លាមដែរ តែមិនទាន់អ្នកថតយកទៅបង្ហោះមុនបាត់ទៅហើយ ៕ ប្រាថ្នា


ចែករំលែក៖