ភ្នំពេញ៖ យុវជនម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនយកទៅសួរនាំ ដោយសង្ស័យថា ជាមុខសញ្ញាឆក់ទូរស័ព្ទរបស់ជនជាតិចិន ។
ការឃាត់ខ្លួនយុវជនខាងលើបានធ្វើឡើង កាលពីវេលា២និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខវត្តថាន់ តាមបណ្តោយផ្លូវសុធារស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ កង ឌីនណា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅបន្ទប់ជួល មុខផ្សារអីអន ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងល្បាតបានល្បាតក្នុងមូលដ្ឋានស្រាប់តែមានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា មានជនសង្ស័យម្នាក់ជិះម៉ូតូ Fino ពណ៌ខ្មៅលាយស គ្នានស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទជនជាតិចិនបានសម្រេច ។ ភ្លាមនោះ កម្លាំងបានប្រដេញឃាត់ខ្លួនបាននិងឆែកឆេរលើដងខ្លួនឃើញទូរស័ព្ទiPhone មួយគ្រឿងទើបឃាត់យកទៅសួរនាំតែម្តង ។
ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយថា ខ្លួនមិនបានធ្វើសកម្មភាពឆក់ទូរស័ព្ទនោះទេ ចំណែកទូរស័ព្ទនោះគឺមានជនជាតិចិនម្នាក់យកមកបញ្ចាំចំនួន២០$ ។
ទោះជាយ៉ាងណា នគរបាលឃាត់ខ្លួនយុវជនខាងលើបណ្ណោះអាសន្នសិន ៕ សុខាសែនជ័យ