ខេត្តរតនគិរី៖ ករណីហិង្សាដោយចេតនាមួយបានកើតឡើង រវាងឪពុកចុងបានយកកាំបិតផ្គាក់កាប់ទៅលើកូនប្តីដើម បណ្តាលឲ្យរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុក ឯជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ។
ហេតុការណ៍ឪពុកចុងកាប់កូនដើមបណ្តាលឲ្យរងរបួសធ្ងន់នេះ បានកើតឡើងនៅវេលាម៉ោង២១.០០នាទី ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ នឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉េនយូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅកន្លែងកើតហេតុខាងលើ (ត្រូវជាកូនដើម) ។ ជនសង្ស័យឈ្មោះ ណាំ ជឿន អាយុ៥៨ឆ្នាំ ជនជាតិខ្មែររស់នៅកន្លែងកើតហេតុខាងលើ (ជាឪពុកចុង) ដែលបានកាប់កូនចំក្បាលមួយកាំបិតបណ្ដាលអោយរងរបួសធ្ងន់ ហើយបានបញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុកសង្រ្គោះភ្លាមផងដែរ ។
ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការស្រុកកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕ ជិវ័ន្ត