ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកកិនជនអនាថា វិកលចរឹក ដេកតាមចិញ្ចើមផ្លូវស្លាប់នឹងកន្លែង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាជនអនាថាម្នាក់ ដេកតាមចិញ្ចឹមផ្លូវបានស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរចោមរោម និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីត្រូវរថយន្តមួយគ្រឿង សង្ស័យមើលមិនឃើញ បើកកិនពីលើកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិ លេខ១ចន្លោះគីឡូម៉ែត្រលេខ១៦៥និង១៦៦ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសាក្សីបានឲ្យដឹងថា មុនថ្ងៃកើតហេតុ គេឃើញបុរសអនាថាម្នាក់ មិនស្គាល់អត្តសញ្ញាណ តែងតែដើរនៅក្រុងបាវិត និងអ្នកភូមិមានការអាណិតអាសូរបានឲ្យបាយហូប ជាប្រចាំ ព្រោះបុរសនោះស្លូតមិនសូវចេះមាត់ក ដើរដល់ភូមិណា គឺដេកភូមិហ្នឹង មិនរើសកន្លែងណានោះទេ ។

ប្រភពបន្តថា នៅយប់កើតហេតុ គេឃើញបុរសអនាថាបានដេកតាមចិញ្ចើមផ្លូវថ្នល់ដោយម្នាក់ៗ មិនបានចាប់អារម្មណ៍នោះទេ បន្ទាប់មកស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរទិសដៅពីកើតទៅលិចល្បឿនលឿន សង្ស័យមើលមិនឃើញ ក៏កិនពីលើរួចក៏បើកទៅទិសខាងលិចបាត់ស្រមោលតែម្ដង ។

ក្រោយមក អ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ នឹងបានលើកយក សាកសពមកតម្កល់ទុក នៅវត្តពោធិ៍ថ្មី (ហៅវត្តបាវិត) និងបានប្រកាសតាមវិទ្យុទាក់ទងទៅសមត្ថកិច្ចតាមគោលដៅស្រាវជ្រាវរកអ្នកបើករថយន្តបង្កមក ចាត់ការតាមផ្លូវច្បាប់ ៕ យឹម សុថាន


ចែករំលែក៖