សេដ្ឋកិច្ចអាមេរិកនិងចិន បានប្រាស្រ័យទាក់ទង់គ្នាតាំងពីដើមមក ដោយចិនបានទិញទំនិញពីអាមេរិកជាច្រើន ចំណែកអាមេរិកវិញ ក៏ដូច្នោះដែរ បាននាំទំនិញចូលពីចិនមានតម្លៃរាប់រយពាន់លានដុល្លារ ។ ដោយសារសង្គ្រាមពាណិជ្ជកម្ម ចិននាំចូលពីអាមេរិកធ្លាក់ចុះ១៩ភាគរយ ក្នុងខែកក្កដា ខណៈសង្គ្រាមពាណិជ្ជកម្មកំពុងតែស្រួចស្រាវនោះ ។
ការនាំចូលរបស់ប្រទេសចិនពីសហរដ្ឋអាមេរិកមានការធ្លាក់ចុះ នៅក្នុងខែកក្កដា ខណៈដែលសង្គ្រាមពាណិជ្ជកម្ម សង្គ្រាមដំឡើងពន្ធជាមួយទីក្រុងវ៉ាស៊ីនតោន កាន់តែខ្លាំងក្លាឡើង ។
ទិន្នន័យគយ របស់ប្រទេសចិន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩បានបញ្ជាក់ថា ការនាំចូលទំនិញពីអាមេរិកបានធ្លាក់ចុះស្មើ១៩ភាគរយពីឆ្នាំមុន ប្រហាក់ប្រហែល១០.៩ពាន់លានដុល្លារ ។ ប៉ុន្តែទោះបីយ៉ាងណា វាល្អប្រសើរជាងកាលពីខែមិថុនាកន្លង ដែលបានធ្លាក់ចុះរហូតដល់៣១.៤ភាគរយ ។
ប្រភពបន្តទៀតថា រីឯការនាំចេញរបស់ប្រទេសចិនទៅកាន់អាមេរិកវិញ បានធ្លាក់ចុះចំនួន៦.៥ភាគរយ ស្មើទំហំទឹកប្រាក់ប្រហែល៣៨.៨ពាន់លានដុល្លារ ។
ទីក្រុងប៉េកាំងបានតប់តចំពោះការដំឡើងពន្ធយ៉ាងខ្ពស់របស់អាមេរិកក្នុងជម្លោះពាណិជ្ជកម្ម និងបច្ចេកវិទ្យានោះ ដោយចិនបានដាក់កាតព្វកិច្ចផ្ទាល់ខ្លួន និងផ្អាកទិញផលិតផលកសិកម្មពីអាមេរិក ក៏ដូចទំនិញផ្សេងៗទៀត ។
ទិន្នន័យខាងលើចុងក្រោយនេះ បន្ទាប់ពីលោកដូណាល់ ត្រាំ បានគំរាមកំហែងកាលពីសប្តាហ៍មុនថា នឹងពង្រីកបន្ថែមទៀតកាតព្វកិច្ចពន្ធរហូតដល់៣០០ពាន់លានដុល្លារការនាំចូលពីប្រទេសចិន ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ប្រាក់យ័នរបស់ចិននៅថ្ងៃពុធនេះ នៅតែបន្តធ្លាក់ថ្លៃដោយមកនៅត្រឹម ៧.០៤៨៨យ័ន ក្នុងមួយដុល្លារអាមេរិក ឬស្មើនឹង ០.៤ភាគរយទាបជាងតម្លៃនៃអាត្រាប្ដូរប្រាក់ កាលពីថ្ងៃអង្គារសប្តាហ៍នេះទៅទៀត ។
យោងតាមធនាគារកណ្ដាលចិន តម្លៃប្រាក់យ័ននៅពេលទីផ្សារភាគហ៊ុនបើកទ្វារកាលពីថ្ងៃអង្គារ ស្ថិតនៅអាត្រា ៦.៩៩៩៦យ័នក្នុងមួយដុល្លារអាមេរិក ហើយនេះគឺជាការធ្លាក់ចុះតម្លៃទាប បំផុតមួយចាប់តាំងពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០០៨ ។ ដោយឡែក ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ចិនថា កំពុងកេងចំណេញពាណិជ្ជកម្មពីសហរដ្ឋអាមេរិក តាមរយៈការទម្លាក់តម្លៃប្រាក់យ័ននេះ រហូតដល់ក្រសួងរតនាគារជាតិអាមេរិកបញ្ចូលចិន ទៅក្នុងបញ្ជីខ្មៅនៃ «ប្រទេសបំភ្លៃរូបិយវត្ថុ» ។
ជាការឆ្លើយតបនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ធនាគារកណ្ដាលចិនបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ហើយអះអាងថា ការចាត់ទុកចិនជាប្រទេសបំភ្លៃរូបិយវត្ថុ មានតែនឹងបំផ្លាញដល់សណ្ដាប់ធ្នាប់ នៃទីផ្សារហិរញ្ញវត្ថុ ព្រមទាំងសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកតែប៉ុណ្ណោះ ។ ការទម្លាក់តម្លៃ រូបិយវត្ថុជាទូទៅត្រូវបានប្រទេសមួយអនុវត្តន៍ ក្នុងគោលបំណងបង្កើនការនាំចេញទៅកាន់ទីផ្សារ អន្តរជាតិ និងធ្វើឱ្យទំនិញរបស់ខ្លួនមានតម្លៃទាក់ទាញជាងគូប្រជែង៕