ខេត្តពោធិ៍សាត់៖ ម្សិលមិញថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មូលដ្ឋានស្រុក សហការបន្តចុះបង្រាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ) ឃាត់ចាប់សកម្មភាពជាក់ស្ដែងនូវគោយន្តកន្រ្តៃ និងរថយន្តផងដែរ ។
ប្រភពព័ត៌មានពីកងកម្លាំងប្រដាប់វុធកងរាជអាវុធហត្ថចុះប្រតិបត្តិប្រាប់ថា គោយន្តកន្រ្តៃមានផ្ទុកឈើអារពេញឃាត់ចាប់ នៅឃុំរកាត ស្រុកភ្នំក្រវាញ ហើយបានប្រគល់ទទួលជូនមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រវាញ រក្សាទុកជាបណ្ដោះអាសន្ន រងចាំបន្តនីតិវិធី(វាសវែង) ។
ប្រភពដដែលបន្តទៀតថា រសៀលថ្ងៃដដែល កម្លាំងបន្តឃាត់ចាប់រថយន្តចង្កូតឆ្វេង ១គ្រឿងទៀតម៉ាក ហុីយ៉ាន់ដាយ ពណ៏សឆ្នូតខៀវ ពាក់ស្លាកលេខ តាកែវ 3A 2833 ដែលមានផ្ទុកផលអនុផកព្រៃឈើ(អុស)ចំនួន ២៦,០១៨ស្ទែរ វត្ថុតាងរថយន្ត ១គ្រឿង មានផ្ទុកឈើ(អុស)ចំនួន ២៦,០១៨ស្ទែរ ប្រគល់ទទួលជូនមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រគរ រក្សាទុកជាបណ្ដោះអាសន្ន រងចាំបន្តនីតិវិធី ៕ បុឹម ពិន