ខេត្តកំពង់ឆ្នាំង ៖ លោកង៉ែត ចន្ថា ដែលពីមុននេះ ជាអនុប្រធានការិយាល័យទូរទស្សន៍និង ជាមន្ត្រីដែលមានបទពិសោធន៍ច្រើនលើការងារទូរទស្សន៍ ត្រូវបានតែងតាំង ជាប្រធានការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ។
ការតែងតាំងលោកង៉ែត ចន្ថា ជាប្រធានការិយាល័យទូរទស្សន៍ គឺបន្ទាប់ពីលោកហឹង ចូច អតីតប្រធានការិយាល័យនេះ ត្រូវបានតែងតាំងជា អនុប្រធានមន្ទីរ ។
ពិធីប្រកាសប្រគល់ភារកិច្ចជូនលោកង៉ែត ចន្ថា ប្រារព្វធ្វើនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និង ជាទីប្រឹក្សាក្រសួងព័ត៌មាន។
ឯកឧត្តមម៉ម ឈឿម បានមានប្រសាសន៍បញ្ជាក់ទៀតថា ការធ្វើកំណែទម្រង់ វាមានសារៈសំខាន់ជាច្រើន ចំពោះមន្ត្រីរាជការពិសេសគឺការលុបបំបាត់នូវភាពអសកម្ម លុបបំបាត់អំពើពុករលួយ និង មានតម្លាភាពចំពោះមន្ត្រីរាជការ ហើយត្រូវសហការគ្នាក្នុងជួរថ្នាក់ដឹកនាំមន្ទីរ ថ្នាក់នាំការិយាល័យ ដើម្បីឈានទៅសម្រេចបានតាមផែនការសកម្មភាព ហើយទទួលបានសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
លោកង៉ែត ចន្ថា បានធ្វើកាប្តេជ្ញាថា នឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲបានល្អ ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានា និង ច្បាប់របស់រដ្ឋ ចូលរួមជំរុញវិស័យព័ត៌មាន ឲកាន់ប្រសើរឡើងឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តរបស់ក្រសួងព័ត៌មានប្រកបដោយប្រសិទ្ធភាព ៕ ចន្ថា