ខេត្តឧត្ដរមានជ័យ៖ ស្រ្ដីមេម៉ាយ ពីរនាក់ម្ដាយ និងកូនប្រុស កំព្រាឪពុក រស់នៅក្នុងជីវភាពក្រីក្រ ជ្រកក្រោមដំបូលរោង ធ្វើជាកម្មករឡឥដ្ឋអស់រយ:ពេលជាង១០ឆ្នាំមកហើយ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បានសូមអំពាវនាវដល់សម្ដេចតេជោហ៊ុន សែន ជួយផ្ដល់យុត្តិ ធម៌ជូនដល់ក្រុមគ្រួសាររបស់គាត់ផង ។
ដោយសារកូនប្រុសរបស់គាត់ ត្រូវបាន លោកឧត្ដមសេនីយ៍ទោ សន សៀ មេបញ្ជាការកងពលតូចលេខ៤ និងមេបញ្ជាការរង គឺលោកឧត្ដមសេនីយ៍ត្រី ចាន់ នី និងមន្រ្ដីយោធាបីនាក់ សរុប៥នាក់ បានបង្ខាំងកូនរបស់គាត់ នៅក្នុងបន្ទាយវ៉ៃធ្វើទារុណកម្មយ៉ាងសាហាវ ព្រៃផ្សៃ រហូតដល់សង្គ្រោះបន្ទាន់ បញ្ជូនទៅពេទ្យនៅខេត្តសៀមរៀប ដោយមានអការគ្រាំគ្រាផ្នែកខាងក្នុង និងហើមខួរក្បាល និងជំងឺធ្វើទុក្ខអត់ឈប់ឈរ នៅពេលអស់ជាតិថ្នាំ ។
ជនរងគ្រោះឈ្មោះ វ៉ាន់ ឆៃលី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅសិប្បកម្មឡឥដ្ឋ ក្នុងភូមិអូរឫស្សី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។ ម្ដាយជនរងគ្រោះ ឈ្មោះ ឡាច វន ជាស្រ្ដីមេម៉ាយ អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅភូមិ បាក់ដាវ ឃុំបាក់ដាវ ស្រុកព្រែកតាមាក់ ខេត្តកណ្ដាល ។
ជនរងគ្រោះឲ្យដឹងថា លោកឧត្ដមសេនីយ៍ទោ សន សៀ មេបញ្ជាការកងពលតូចលេខ៤ និងមេបញ្ជាការរងឈ្មោះ ចាន់នី និងមន្រ្ដីក្រោមឱវាទសរុប៥នាក់ បានចាប់គាត់ទៅបង្ខាំងនៅក្នុងបន្ទាយកងពល វ៉ៃទាត់ធាក់តាមអំពើចិត្ត និងធ្វើទារុណកម្ម ឲ្យគាត់លុតជង្គង់នៅលើគ្រាប់ក្រួស និងបង្អត់បាយ អស់រយះពេល៥ម៉ោង គឺចាប់ពីម៉ោង៦និង២០នាទីព្រឹក ដល់ម៉ោងមួយរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ។
ដោយមូលហេតុលោក ស៊នសៀ ទិញឥដ្ឋ មួយឡានយកទៅដាក់បីកន្លែង ដែលថៅកែឡឥដ្ឋ មិនឲ្យចូលទៅដាក់នៅក្នុងបន្ទាយ ព្រោះកន្លែងទៅ ជាប់ផុង រថយន្ដដឹកឥដ្ឋម្ដងមកហើយ អស់មួយយប់ ពីរថ្ងៃ ទើបយកចេញរួច ។ លោកសន សៀ ខឹងរឿងកម្មករដឹកឥដ្ឋមិនព្រមធ្វើតាមបញ្ជារបស់ខ្លួន ក៍ចាប់ផ្ដើមវ៉ៃទាត់ធាក់ខ្លួនឯង មិនអស់ចិត្ត ហៅមន្រ្ដីក្រោមឱវាទប្រដាប់ដោយកំាភ្លើងគ្រប់ដៃ ចាប់សែងញាត់ចូលក្នុងឡានយកទៅវ៉ៃ នៅក្នុងបន្ទាយបន្ថែមទៀត និងគំរាមយកថ្នាំញៀនមកដាក់ក្នុងហោប៉ៅ ដាក់កំហុសចាប់ខ្លួនជនរងគ្រោះបន្ថែមទៀត ។ សង្ស័យលោក សន សៀ មានរក្សាទុកសារធាតុញៀនហើយមើលទៅ បានជាគំរាមចាប់ញាត់គ្រឿងញៀនបែបនេះ ។
លោកឧត្ដមសេនីយ៍ទោ សន សៀ បានឲ្យដឹងថា សមត្ថកិច្ច គេមកសម្របសម្រួលបញ្ចប់រឿងអស់ហើយគ្មានអីទេ បើវាខ្លាំង ឲ្យអ្នកសារព័ត៍មាននាំអាថា គាត់វ៉ៃទៅជួបលោកនៅបន្ទាយ ហើយឲ្យវាឆ្លើយថា គាត់វ៉ៃម៉េចខ្លះ ។ លោកបន្តថា «អាហ្នឹងមិនរួចខ្លួនទេ ចំាតែមើលទៅ» ៕ ប៉ែននួន