ខេត្តស្វាយរៀង៖ ក្មេងប្រុសអាយុមួយខួបកន្លះម្នាក់ បានឈ្លក់ទឹកស្រះស្លាប់បង្កការភ្ញាក់ផ្អើលដល់ក្មេងៗ និងអ្នកភូមិព្រមទាំងក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះ ប៉ុន្តែអកុសលហួសពេលទៅហើយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិព្រៃប្រើស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ក្មេងប្រុសឈ្លក់ទឹកស្រះស្លាប់មានឈ្មោះ រីវិចិត្រ វឌ្ឍនា រស់នៅភូមិព្រៃប្រើស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
បើតាមម្ដាយបានរៀបរាប់ទាំងទឹកភ្នែកថា កំហុសមកពីគាត់មានការធ្វេសប្រហែសមួយភ្លែត ដោយជាប់រវល់ធ្វើកិច្ចការងារក្នុងផ្ទះ ហើយបណ្ដោយទុកកូនប្រុសចោលក្រៅផ្ទះ ។
ប្រភពបន្តថា ប្រមាណជាម៉ោង១រសៀល ទើបគាត់ភ្ញាក់ខ្លួនមិនលឹសូរសំឡេងមាត់កូន ទើបមានការសង្ស័យដើរទៅមុខផ្ទះ និងស្រែកហៅដើររកស្រាប់តែប្រទះឃើញកូនធ្លាក់ចូលស្រះខាងកើតផ្ទះ ប្រមាណ២០ម៉ែត្រទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង ។
បើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ក្មេងប្រុសខាងលើពិតជាស្លាប់ដោយឈ្លក់ទឹកស្រះប្រាកដមែន ក្រោយមកសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលសោកសង្រេង ៕ យឹម សុថាន