ព័ត៌មានទាន់ហេតុការណ៍៖

ព្រួតវាយជនជាតិជប៉ុន គំរាមយកសម្ភារ និងកាបូបលុយបានសម្រេច ត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់(ក្នុងចំណោមបក្ខពួក០៤នាក់) បានធ្វើសកម្មភាពព្រួតវាយបុរសជនជាតិជប៉ុនម្នាក់ គំរាមយកសម្ភារ និងកាបូបលុយបានសម្រេចហើយពួកគេនាំគ្នារត់គេចខ្លួន ភ្លាមនោះជនរងគ្រោះទៅប្តឹងនគរបាលមូលដ្ឋានធ្វើការស្រាវជ្រាវ រហូតចាប់ខ្លួនបានម្នាក់ ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវ និងថ្ងៃទី១១ខែសីហាឆ្នាំ២០១៩ បន្ទាប់ពីរូបគេ និងបក្ខពួកប្រើហិង្សាមានស្ថានទម្ងន់ទោស(វាយគំរាមយកសំភារះ និងកាបូបលុយ)កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៣រំលងអាធ្រាត្រ នៅចំណុចមុខទូរATM ធនាគារANZផ្លូវលេខ៣ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះពិន ចិន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅផ្ទះជួលម្តុំរោងកុនហេមជាតិ ផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកបានរួមមាន៖ លុយជប៉ុនចំនួន១០០០យេន.លុយចិនចំនួន២០០យ័ន.លុយថៃចំនួន៣០០បាត និងលុយឡាវចំនួន១០០០បាត(ជារបស់ជនរងគ្រោះ) ។ ចំណែកជនរងគ្រោះឈ្មោះ NAKA YAMA YU ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិ ជប៉ុន មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខTR 2792581ស្នាក់នៅHotel Hibiscus ដែលមានទីតាំងផ្លូវ ព្រះស៊ីសុវត្ថិសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សម្ភារបាត់បង់មានកាបូបស្ពាយមួយក្នុងនោះ៖ មានទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកOPPOមួយ និងម៉ាកSONYមួយ ;លុយជប៉ុនចំនួន៤០០០យេន; លុយថៃចំនួន១០០០បាត ;លុយឡាវចំនួន១០០០បាតព្រមទាំងលិខិតស្នាមមួយចំនួន ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា កាលថ្ងៃទី១០ ខែសីហាឆ្នាំ២០១៩ វេលាម៉ោង៣រំលងអាធ្រាត្រជនរងគ្រោះបានដើរចេញពីកន្លែងស្នាក់នៅសណ្ឋាគារHIBICUS ដើរតាមផ្លូវ ព្រះស៊ីសុវត្ថិពីជើងទៅត្បូងគោលបំណងទៅបារបារាំង នៅម្តុំផ្លូវលេខ១៣៦សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ពេលដើរមកដល់ចំណុចមុខទូរATMធនាគារANZ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ស្រាប់តែជនសង្ស័យឈ្មោះ ពិន ចិន ភេទប្រុសព្រមទាំងបក្ខពួកមាន០៣នាក់ទៀត បានធ្វើសកម្មភាពព្រួតវាយគំរាមយកសម្ភារ និងកាបូបលុយបានសម្រេចក៏បានរត់គេចខ្លួនបាត់អស់ ។ បន្ទាប់មកនៅវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាមកម្លាំងផ្នែកយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១១ខែសីហាឆ្នាំ២០១៩វេលាម៉ោង៦ព្រលប់ ទើបឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ពិន ចិន ភេទប្រុសអាយុ៣៥ឆ្នាំ នៅចំណុចមុខផ្ទះលេខ៣៩Eo ផ្លូវលេខ៥ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ។

ចំពោះមុខកម្លាំងខណ្ឌ ប៉ុស្តិ៍កំពុងប្រើប្រាស់វិធានការជំនាញសួរចំលើយរកបក្ខពួកដែលនៅសេសសល់ និងសកម្មភាពដែលបានប្រព្រឹត្តកន្លងមកហើយបានកសាងសំណុំរឿងតាមនីតិវិធី ៕ស រស្មី


ចែករំលែក៖