ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងសហការី បាននាំយកអំណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ។
ក្នុងឱកាសនោះលោក គួច ចំរើន អភិបាលខេត្ត ជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណក់សម្ដេចកិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋទីទ័លក្រ ស្ត្រីមេម៉ាយ កុមារកំព្រាគ្មានទីពឹង ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា មិនទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់អត់បាយនោះឡើយ ។
លោកអភិបាលខេត្ត មានប្រសាសន៍ បន្តទៀតថា នេះជាគ្រោះធម្មជាតិ ជំនាន់ទឹកភ្លៀងដែលកំពុងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឲ្យតំបន់មួយចំនួននៅទូទាំងខេត្តព្រះសីហនុ រងនៅជំនន់ទឹកភ្លៀងលិចលង់យ៉ាងធ្ងន់ធ្ង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវថែ រក្សាសុខភាពកូន ចៅឲ្យបានល្អ កេងក្នុងមុង ផឹកទឹកស្អាតជៀសវាងឆ្លងនូវជំងឺផ្សេងៗទៀត ។
អំណោយដែលចែកជូនប្រជាពលរដ្ឋ រងគ្រោះចំនួន ២០គ្រួសារ ដោយជំនន់ទឹកភ្លៀងនៅឃុំព្រៃនប់ ស្រុកព្រៃនប់ក្នុងមួយគ្រួសារទទួលបានមុង១ បូក និងមុងជ្រលក់ថ្នាំ២, ភួយ១,ក្រមា១,សារុង១, កន្ទេក១, តង់១,មី១កេស,ត្រីខ១យួរ, អង្ករ១បាវ, និងថវិកា ១០ម៉ឺនរៀល ៕ ឆ្លាម សមុទ្រ