ខេត្តស្ទឹងត្រែង៖ រយៈពេល ០៣ ខែ កន្លះ ក្នុងរដូវបិទនេសាទនាឆ្នាំ ២០១៩ នេះ ត្រីមេពូជគ្រប់ប្រភេទមិនតិចជាង ៧០ភាគរយ បានទម្លាក់ពង និងញាស់រួចរាល់នៅក្នុងដែនទឹកទន្លេធម្មជាតិយើងទាំងបួននេះ ។
ក្នុងយុទ្ធនាការការពារត្រីមេពូជ ក្នុងរដូវបិទនេសាទនេះ សមត្ថកិច្ចចម្រុះដែលដឹកនាំដោយមន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការអប់រំផ្សព្វផ្សាយយ៉ាងទូលំទូលាយ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលយ៉ាងមានប្រសិទ្ធភាព ។ សូមបញ្ជាក់ថា រដូវបិទនេសាទនៅដែនទឹកនៃខេត្តស្ទឹងត្រែង គឺចាប់អនុវត្តពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា រៀងរាល់ឆ្នាំ ។
តាមការឲ្យដឹងពីលោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានបញ្ជាក់ប្រាប់ ភ្នាក់ងារនគវត្តថាៈ ត្រីមេពូជគ្រប់ប្រភេទយ៉ាងហោចណាស់ចំនួន ៧០០ តោន ត្រូវបានជួយសង្គ្រោះឲ្យរួចផុតពីការនេសាទដោយមងបណ្តែតក្រឡាធំៗ និងវែងគ្រប់ប្រភេទ និងឧបករណ៍នេសាទខុសច្បាប់ ហើយបានធ្វើចរាចរណ៍ទៅពងកូនដោយសុវត្ថិភាព ។
តែទោះបីជាយ៉ាងនេះក្តី លោកនាយខណ្ឌជលផល បានសំដែងនូវការព្រួយបារម្ភជាខ្លាំងចំពោះការប្រែប្រួលនៅទឹកទន្លេនាឆ្នាំនេះ មានការបម្រែបម្រួលអាកាសធាតុខុសពីធម្មតា ដែលពុំធ្លាប់មានពីមុនៗមក ។ លោកនាយខណ្ឌបានបញ្ជាក់ថា ប្រសិនបើទឹកទន្លេនៅតែតិចដូចសព្វថ្ងៃនេះ នោះវា នឹងប៉ះពាល់យ៉ាងខ្លាំងដល់ការបន្តពូជរបស់មច្ឆជាតិយើងគ្រប់ប្រភេទ ។
លោកប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានប្រាប់ភ្នាក់ងារនគវត្តក្នុងថ្ងៃនេះ តាមទូរស័ព្ឌពាក់ព័ន្ធទៅនឹងស្ថានភាពទឹកជំនន់ និងគ្រោះរាំងស្ងួតដោយកន្លែង ក្នុងរដូវវស្សានេះថា ចំពោះទឹកសេកុង ទឹកទន្លេមេគង្គ ទឹកទន្លេសេសាន និងទឹកទន្លេស្រែពក កាលពីឆ្នាំ២០១៨ មានកម្ពស់ទឹក១០\១៣ម៉ែត្រ បើធៀបនឹងឆ្នាំនេះមានកម្ពស់ទឹក ៥\១២\១៣ម៉ែត្រ ពិតជាមានការប្រែប្រួលអាកាសធាតុ ទើបធ្វើឲ្យទឹកក្នុងទន្លេទាំងបួននៅខេត្តស្ទឹងត្រែង ឡើងស្រកមិនទៀងទាត់ខុសប្រក្រតី មិនដូចឆ្នាំកន្លងទៅ ។
លោកបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី ១៧ ខែសីហា នេះ កម្ពស់ទឹកទន្លេមេគង្គមានត្រឹមតែ ៥,១៣ ម៉ែត្រតែប៉ុណ្ណោះ ។ លោកថា មកពីរបាតុភូតអែលនីណូ (El Nino) វាបានជះឥទ្ធិពលយ៉ាងលឿនមកដល់ប្រទេសកម្ពុជាយើង ជាពិសេសនៅតាមដងទន្លេទាំងមូល កន្លែងខ្លះទឹកមានការរាំងស្ងួត ខ្វះទឹកស្ទើរគ្រប់តំបន់ ក្នុងខេត្តមួយចំនួន ភ្លៀងធ្លាក់មិនគ្រប់គ្រាន់ កន្លែងខ្លះក៏ជោកជាំ រហូតធ្វើឲ្យមានគ្រោះទឹកជំនន់ក៏មាន ។
គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែងគឺជាខេត្តមួយដែលនៅសំបូរត្រីធម្មជាតិធំៗ ដូចជាត្រីគល់រាំង ត្រីត្រសក់ ត្រីប្រា ត្រីក្អែក ត្រីរាជ ត្រីប៉ាស៊ីអ៊ី ត្រីប៉ាវា ត្រីព្រួល និងត្រីបប៊ែល ។ ល ។ និង ។ ល ។ ដែលគួរជាទីចាប់ចិត្តដឹតអារម្មរណ៍ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ ដែលជារសជាតិធម្មជាតិពិតៗ គ្រាន់តែពេលនេះ វាជារដូវត្រីពងពូជ និងញាស់ជាបណ្តើរៗ ធ្វើឲ្យត្រីពូជ ដែលជិតផុតពូជ នឹងបានបន្តពូជឡើងវិញ ។ សូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាប្រជានេសាទយើងផងដែរ សូមនាំគ្នាបង្វែរមករកនេសាទជាលក្ខណៈគ្រួសារវិញ ដូចសម័យកាលពីមុន ទើបត្រីធម្មជាតិយើង នឹងសំបូរឡើងវិញ ៕ មាស សុផាត