ខេត្តកណ្តាល៖ ចោរលួចអាគុយ ធុងហ្គាស ឧបករណ៍ផ្សាភ្លើង ពីដេប៉ូបូមខ្សាច់ នៅល្ងាចថ្ងៃទី១៧ សីហា ២០១៩ លោក ហួត ហ៊ាង ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”អំពើលួច” ដែលប្រព្រឹត្តនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១រំលងអធ្រាត្រ តាមមាត្រា ៣៥៣ ,៣៥៦ នៃក្រមព្រហ្មទណ្ឌ ។
ជនជាប់ចោទឈ្មោះ ង្វៀង យ៉ាំងង៉ុក ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ ។
ជនរងគ្រោះឈ្មោះ អេង ណារិទ្ធ ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅកន្លែងកើតហតុ មុខរបរមេការក្រុមហ៊ុនបូមខ្សាច់ ។
នគរបាលបញ្ជាក់ថា កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យ២នាក់ ខាងលើ បាននាំគ្នាអុំទូកមកកន្លែងដេប៉ូបូមខ្សាច់របស់ជនរងគ្រោះ ហើយនាំគ្នាធ្វើសកម្មភាពលួចយកសំភារៈមានដូច ខាងលើ ហើយគេចខ្លួនបាត់ទៅ ។ ក្រោយពីបានទទួលពាក្យបណ្តឹងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ឈ្មោះង្វៀ យ៉ាំងង៉ុក និងវត្ថុតាងយកមកសាកសួរ និងកសាងសំណុំរឿង បន្តចាត់ការតាមនិតិវិធី ចំណែកឯបក្ខពួករត់គេចខ្លួនបាត់ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួន និងបក្ខពួកពិតជាបាននាំគ្នាធ្វើសកម្មភាពលួចសម្ភារខាងលើប្រាកដមែន និងធ្លាប់ធ្វើសកម្មភាពពីមុនមក៧ដងនៅរាជធានីភ្នំពេញ ៕ ឆ ដា