ភ្នំពេញ៖ រថយន្តដឹកដីបុក និងរថយន្តកាមរីហើមពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពី វេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃ អង្គារ ទី ២០ ខែ កក្កដា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកាមរី ហើម ពណ៌ទឹកប៊ិច ពាក់ស្លាក លេខ ភ្នំពេញ 2N-1697 បើកតែម្នាក់ឯង តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតរៀប និងបត់ចូលទៅក្នុង លំនៅដ្ឋាន សំណង់វាលស្បូវ ពេលនោះ ក៏មាន រថយន្តដឹកដី ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-1497 បើកស្របទិសគ្នាបានបុកពេញទំហឹងបណ្ដាលឲ្យអ្នកបើក បររថយន្តកាមរីហើមគៀបជាប់ក្នុងរថយន្ត រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកតៃកុងឡានដឹកដីបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុ ក៏បានវាស់វែងស្ទូចយករថយន្តទាំងពីរ ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕ ភារ៉ា ដង្កោ