ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប្រឆាំងគ្រឿងញៀន និងកម្លាំងនគរស្រុកចំការលើ ឃាត់ខ្លួនជនសង្ស័យ១០នាក់ ពាក់ព័ន្ធការប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកំពង់ចាម៖ មនុស្សចំនួន១០នាក់ ដែលជាជនសង្ស័យ រួមជាមួយវត្ថុតាងមួយចំនួន ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងរឹបអូសបាន កាលពីវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

ប្រតិបត្តិការបង្ក្រាប និងចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយកម្លាំងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន ។

លោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា បន្ទាប់ពីក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋ និងចំណាត់ការពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យលោកដឹកនាំកម្លាំងបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

លោកបន្តថា ការបង្ក្រាបដោយប្រើវិធានញុះញង់ ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ និងរឹបអូសវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សចំនួន២២កញ្ចប់ (ធំ ០២កញ្ចប់) ទូរស័ព្ទដៃចំនួន ១១គ្រឿង ម៉ូតូ ០៣គ្រឿង ជញ្ជីងអេឡិត្រូនិច ០១គ្រឿង ក្រដាស់វីងចំនួន០២សន្លឹក ថង់វេចខ្ចប់និងឧបករណ៍សេពមួយចំនួនធំ ។

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង១០នាក់បាននាំពួកគេមកកាន់អង្គភាព ដើម្បីកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ វណ្ណៈ


ចែករំលែក៖