ខេត្តកំពង់ចាម ៖ ដើម្បីអនុវត្តតាមគោលនយោបាយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី និងបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ជំរុញអោយមានវិធានការបង្ក្រាបសកម្មភាពគ្រឿងញៀន កំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន០២ករណី ដោយប្រើវិធានញុះញង់ និងវិធានរដ្ឋបាលចំហ ក្នុងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ។
លោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ដែលបានដឹកនាំចុះបង្ក្រាបឲ្យដឹងថា បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានទទួលពត៌មានពីប្រជាពលរដ្ឋ បានចាត់ឲ្យលោកដឹកនាំកម្លាំងចុះបង្ក្រាប ។ លោកថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៣៖៤៥នាទី នៅស្រុកកំពង់សៀម និងស្រុកជើងព្រៃ ជាលទ្ធផលកម្លាំងបង្ក្រាបបាន២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដកហូតវត្ថុតាង ថ្នាំញៀនចំនួន២០កញ្ចប់ និងទូរស័ព្ទដៃចំនួន០២គ្រឿង ។
លោកឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ដែលត្រូវបានកម្លាំងចាប់ឃាត់ខ្លួន ៖ ១-ឈ្មោះស៊ីម ឌី ហៅសេង ឌី ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ នៅភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ,២-ឈ្មោះសេង ប្រុស ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិមិនស្គាល់ សង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ៕ វណ្ណៈ