ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលមានទីលំនៅក្នុងភូមិអកនាគសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានការព្រួយបារម្ភ និងភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារ ខណៈមានខ្សែភ្លើងតធ្លាក់រយីងរយោងដោយមានកន្លែងខ្លះធ្លាក់ដល់ដី ធ្លាក់កាត់ផ្លូវមុខផ្ទះ និងប៉ះលើដំបូលផ្ទះហើយម៉្យាងទៀត ខ្សែភ្លើងទាំងនោះចាស់ៗ ហើយតូចទៀត អាចបង្កឆ្លងចរន្តទុស្សេខ្សែភ្លើងជាយថហេតុ ។
បើតាមស្រ្តីម្នាក់ឈ្មោះ សុខ ប៊ុន អាយុ៦៣ឆ្នាំរស់នៅភូមិអកនាគបានឲ្យដឹងថា ខ្សែភ្លើងដែលធ្លាក់រាយប៉ាយនេះជាខ្សែភ្លើងរបស់ប្រជាពលរដ្ឋតចេញពីកាប៊ីនភ្លើងរបស់ក្រុមហ៊ុនម៉ៅការ ទៅតាមផ្ទះ គឺតជាច្រើនឆ្នាំមកហើយដោយដាក់តាមបង្គោលឈើក្រោយមកក៏ដាក់តាមបង្គោលភ្លើងរដ្ឋហើយ បានធ្លាក់រយីងរយោងរាយប៉ាយដល់ដីកាត់ផ្លូវមុខផ្ទះ និងកន្លែងខ្លះដាក់ផ្ទាល់លើដំបូលផ្ទះរយះពេលជិត២ឆ្នាំមកហើយគ្មានស្ថាប័នណាអើពើដោះស្រាយទេ ហើយរដូវវស្សានេះ មានភ្លៀងខ្យល់ខ្លាំង ខ្លាចតែដាច់ខ្សែភ្លើងឬឆ្លងចរន្តទុស្សេឆេះផ្ទះ និងឆក់មនុស្សស្លាប់ទេ ។
ទាក់ទិនករណីនេះដែរ លោក កឹង ធួក អនុប្រធានអគ្គីសនីកម្ពុជាខេត្តស្វាយរៀងបានមានប្រសាសន៍តាមទូរសព្ទ័ថា ខ្សែភ្លើងធ្លាក់រយីងរយោងទាំងនោះ គឺជាខ្សែភ្លើងរបស់ប្រជាពលរដ្ឋគាត់តអូសទៅផ្ទះរបស់ពួកគាត់ដោយពីមុនពួកគាត់ត តាមរយៈជាសហគមន៍ ហើយពួកគាត់គ្រប់គ្រងថែរក្សាខ្លួនឯង ហើយបច្ចុប្បន្ននេះ ខាងអគ្គីសនីបានដាំបង្គោលថ្មរួចហើយអូសខ្សែ និងដាក់ត្រង់ហ្វូររួចហើយដែរ ប៉ុន្តែ នៅចាំឲ្យបងប្អូនប្រជាពលរដ្ឋគាត់ទិញខ្សែថ្មី និងតចេញពីត្រង់ហ្វូ អូសទៅតាមផ្ទះរបស់ពួកគាត់នោះ គឺលែងរយីងរយោងទៀតហើយ ក៏ប៉ុន្តែប្រជាពលរដ្ឋមិនទាន់មកទំនាក់ទំនងប្តូរខ្សែថ្មីទើបនៅមានភាពរញ៉េរញៃបែបនេះ ។
ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរខេត្ត ក៏ដូចជាលោកប្រធានអគ្គីសនីកម្ពុជាខេត្តស្វាយរៀងមេត្តាចុះទៅពិនិត្យ និងដោះស្រាយរៀបចំប្រពន្ធ័ខ្សែភ្លើងឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសផងដែរ ៕ យឹម សុថាន