ព័ត៌មានទាន់ហេតុការណ៍៖

G-Devith ទេព បូព្រឹក្សធ្វើឲ្យកក្រើកព្រឹត្តិការណ៍ប្រគំតន្រ្តី «Reborn» របស់ Pleng by Smart 

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីផ្ដល់នូវភាពសប្បាយរីករាយបន្ថែមពីលើអាល់ប៊ុមបទចម្រៀងទី១របស់ខ្លួនឈ្មោះថា «Reborn»  ជាមួយកម្មវិធីតន្រ្តី Pleng by Smart តារាចម្រៀងរ៉េប និងជាតារាល្បីខាងម៉ូតសម្លៀកបំពាក់ លោក ងួន ចាន់ដេវីត ឬគេស្គាល់ដោយខ្លីថា G-Devith បានចូលរួមសម្ដែងក្នុងការប្រគំតន្រ្តីឈ្មោះថា «Reborn» ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩ នៅផ្សារទំនើប អ៊ីអន សែនសុខ ដោយរួមសម្តែងដោយតារាចម្រៀងទេព បូព្រឹក្ស Dj ឃ្លាំង ក្រោមការចូលរួមពីអ្នកគាំទ្រវ័យក្មេងជាច្រើនចូលរួម។

អាល់ប៊ុមបទចម្រៀង «Reborn» ត្រូវបានប្រកាសចេញជាលើកដំបូងកាលពីខែកក្កដា ដោយមានបទចម្រៀងថ្មីចំនួន៩បទដែលឆ្លុះបញ្ចាំងពីអាជីពក្នុងវិស័យតន្ត្រីរបស់ G-Devith ហើយបទចម្រៀងនេះកំពុងតែទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រវ័យក្មេងដែលចូលចិត្តវិស័យតន្រ្តី។

លោក G-Devith បាននិយាយថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានចូលរួមក្នុងការប្រគំតន្រ្តីនៅថ្ងៃនេះ។ ការចេញអាល់ប៊ុមបទចម្រៀង និងការប្រគំតន្រ្តី «Reborn» ទី១នេះ គឺជាស្នាដៃដ៏សំខាន់មួយសម្រាប់ខ្ញុំ។ ស្នាដៃនេះឆ្លុះបញ្ចាំងពីដំណើរជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ រហូតមកដល់ពេលនេះ ហើយខ្ញុំពិតជារំភើបរីករាយក្នុងការចែករំលែកបទពិសោធន៍តន្ត្រីថ្មីទាំងអស់នេះជាមួយអ្នកគាំទ្ររបស់ខ្ញុំតាមរយៈកម្មវិធី Pleng by Smart»។អាល់ប៊ុមនេះ ត្រូវបាននិពន្ធឡើង និងបានចាប់ផ្ដើមថតកាលពីដើមឆ្នាំ ២០១៩ បន្ទាប់ពីលោក G-Devith បានចុះហត្ថលេខាលើកិច្ចសន្យាមាតិកាចម្រៀងផ្ដាច់មុខជាមួយនឹង ក្រុមហ៊ុន Smart Axiata នៅកាលពីខែវិច្ឆិកាឆ្នាំ២០១៨ ។​

កម្មវិធី Pleng by Smart ដែលត្រូវបានដាក់ឲ្យដំណើរការកាលពីខែកុម្ភៈ ឆ្នាំ ២០១៩ គឺជាបណ្ណាល័យកម្សាន្តឌីជីថលដ៏ធំបំផុតក្នុងប្រទេសកម្ពុជា ដោយមានបទចម្រៀងខ្មែរ និងអន្តរជាតិច្រើនជាង ១ លានបទ ហើយផ្ដល់ភាពងាយដល់អ្នកប្រើប្រាស់។

លើសពីនេះទៅទៀតការភ្ជាប់ជាមួយកម្មវិធី Pleng by Smart Pro ផ្តល់ជូនការទាញយកបទចម្រៀង ដោយគ្មានដែនកំណត់ ក៏ដូចជាអាចស្ដាប់បទចម្រៀងលំដាប់ពិភពលោកតាមអនឡាញបានដោយសេរី ឬក៏អាចស្តាប់ការផ្សាយផ្ទាល់តាមកម្មវិធីវិទ្យុផងដែរ។ កម្មវិធី Pleng by Smart ត្រូវបានធ្វើឲ្យល្អប្រសើរជាប្រចាំលើចំណុចជាច្រើនដូចជា ផ្នែកបច្ចេកទេស ធ្វើឲ្យមានល្បឿនកាន់តែលឿន ឆ្លើយតបកាន់តែរហ័ស និងងាយស្រួលក្នុងការប្រើប្រាស់ បន្ទាប់ពីប្តូរឈ្មោះពី Smart Music ៕ វឌ្ឍនា


ចែករំលែក៖