ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជម្រាបភាគីស្រីលង្កាថា កម្ពុជាមានមោទនភាពដោយបានរស់នៅក្រោមដំបូលសន្តិភាពប្រកបដោយសុខដុមរមនា ដោយសារមានមេដឹកនាំល្អ

ចែករំលែក៖

ស្រីលង្កា៖ ក្នុងដំណើទស្សនកិច្ចផ្លូវការនៅ ប្រទេសស្រីលង្កាលោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា៖ ប្រជាជនកម្ពុជាមានមោទនភាពដោយបានរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងគោលនយោបាយសុខដុមបនីយកម្មជាតិសាសន៍ ដោយសារការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែល លោក ទេសរដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកM.H. Abdul Haleem រដ្ឋមន្រ្តីក្រសួងសេវាកម្មប្រៃសណីយ៍ និងកិច្ចការសាសនាឥស្លាម នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៩ ។

លោក បន្តថា បើទោះបីជាព្រះរាជាណាចក្រកម្ពុជា ប្រកាន់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ប៉ុន្តែសាសនាដទៃទៀតដែលមិនមែនជាសាសនារបស់រដ្ឋ ក្នុងនោះមានអ្នកកាន់សាស នា ឥស្លាមជិត ៥ភាគរយ កំពុងតែរស់នៅដោយ សុខដុមរមនា ដោយទទួលបាននូវការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានសិទ្ធិសេរីភាពពេញលេញ នៅក្នុងការប្រតិបត្តិទៅតាមជំនឿសាសនារបស់ពួកគេរៀងៗខ្លួន ។ លោកបន្តទៀតថា ដោយមើលឃើញពីការដឹកនាំដ៏ល្អរបស់កម្ពុជា ដែលអាចចាត់ទុកថាជាប្រទេសគំរូក្នុងតំបន់ ទើបធ្វើឲ្យអង្គការសហប្រតិបត្តិការឥស្លាម(OIC) មានការកោតសរសើរ និង បានទទួលស្គាល់ លោកទេសរដ្ឋមន្ត្រី ជាបេសក ជនពិសេសតំណាងឲ្យកម្ពុជាប្រចាំនៅអង្គការមួយនេះ កាល ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ បន្ទាប់ពី លោក ត្រូវបានផ្តល់សេចក្តីទុកចិត្ត និងតែងតាំងដោយ សម្ដេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ។

ជាមួយគ្នានេះ លោក ក៏ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការសម្ព័ន្ធឥស្លាមពិភពលោក (RABITA) ផងដែរ កាលពីឆ្នាំ២០១៨ កន្លងមកនេះ ។

លោក M. H.Abdul Haleem ក៏បានអបអរសាទរចំពោះមោទនភាពរបស់ប្រជាជនកម្ពុជា ដែលមានមេដឹកនាំដ៏ល្អឈ្លៀសវៃ ប្រកបដោយគតិបណ្ឌិត និងព្រហ្មវិហារធម៌ចំពោះប្រជាជាជន និងប្រទេសជាតិ និងបានកោតសរសើរចំពោះ លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដែលបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលរបស់ខ្លួន ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពទូទៅ ទាំងក្នុងក្របខណ្ឌសហគមន៍ឥស្លាមកម្ពុជា ក៏ដូចជាសង្គមជាតិទាំងមូល ៕ សំរិត


ចែករំលែក៖