ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យបួននាក់ វាយបុរសម្នាក់ឲ្យរងរបួស និងជេរប្រមាថ គំរាមសមត្ថកិច្ច តុលាការចោទប្រកាន់បីបទល្មើសសម្រេចឃុំខ្លួនបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២៧ សីហា ២០១៩ លោក គឹម រត្ន័ណារិន ចៅក្រមសើបសួរ និងជាអនុប្រធានសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនជនសង្សយ័បួននាក់ តាមរករឿង និងវាយបុរសម្នាក់បណ្តាលឱ្យរងរបួស និងជេរប្រមាថ គំរាមសមត្ថកិច្ច ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ,គំរាមកំហែងថានឹងសម្លាប់, ជេរប្រមាថសាធារណៈ” ដែលប្រព្រឹត្តនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី តាមមាត្រា២១៨,២៣៣,៣០៧ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទទី០១ ឈ្មោះមាស ចំរើន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបររត់តាក់សុី ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី០២ ឈ្មោះ ឆិត លក្ខិណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ ទី០៣ ឈ្មោះ វិច្ឆ័យ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងសំណង់ ទី០៤ឈ្មោះ សុន ចាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងសំណង់។

ជនរងគ្រោះឈ្មោះ ចន កំសាន្ត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាងម៉ាសុីនដេរ ជនជាតិខ្មែរ មានទីលំនៅ នៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

លោកវរសេនីយ៌ ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអោយដឹងថា ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះមកហូបបបរគ្រឿងនៅផ្សារបឹងខ្យាង ពេលមកដល់កន្លែងកើតហេតុជនសង្ស័យឈ្មោះ ឆិត លក្ខិណា និងឈ្មោះហេង វិច្ឆ័យបានដាល់ក្បាលជនរងគ្រោះពីក្រោយ៣ដៃ បណ្តាលឲ្យពក ជនរងគ្រោះបានផ្តួលម៉ូតូរត់ ហើយជនសង្ស័យ២នាក់ខាងលើរត់ទៅហៅគ្នានិងយកពូថៅ កាំបិតប៉័ងតោដំបងឈើត្រឡប់មកដេញកាប់ជនរង គ្រោះទៀតដោយជិះឡានព្រូសមក ។ បន្ទាប់មកសមត្ថកិច្ចនគរបាលចុះអន្តរាគមន៍ទៅដល់កន្លែងកើតហេតុ ក្រុមជនសង្សយ័បានជេរប្រមាថ និងគំរាមមកលើសមត្ថកិច្ច។ ក្រោយមកសមត្ថកិច្ចក៌ឃាត់ជនសង្ស័យបាន៤នាក់បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ឆ ដា


ចែករំលែក៖