ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិខ្មែររួម នឹងជនជាតិចិនម្នាក់ទៀត សង្ស័យស្រវឹងស្រាបានបើករថយន្តមួយគ្រឿង ម៉ាកហ្វតមួយបាំងកន្លះ បើកបរក្នុងល្បឿនយ៉ាងលឿនបុកឃឿនហោះរំលងទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបាក់ទ្វារអស់មួយផ្ទាំង និងថូផ្កាអស់ចំនួន៤ រងការខូចខាតយ៉ាងដំណំ តែមិនមានអ្នករងរបួស ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣៥នាទីរំលងអធាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចម្តុំផ្សារព្រែកខ្វិត ស្ថិតនៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស២នាក់ម្នាក់ជនជាតិខ្មែរ និងម្នាក់ទៀតជាជនជាតិចិន បើករថយន្តមួយគ្រឿងម៉ាកហ្វតពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2R-1382 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីជើងទៅត្បូង ពេលបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តដឹកសុីម៉ងតិ៍មួយគ្រឿងបើកកាត់មុខឆ្លងផ្លូវបេតុងភ្លាមៗនោះដែលរថយន្តបង្កបានបួងចង្កូតគេចទៅស្តាំដៃបុកឃឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់ដើមជ្រៃក្រឹមនៅលើទ្រូងផ្លូវមួយដើម និងហោះរំលងទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបាក់ទ្វាររងការខូចខាត និងថូផ្កាអស់ប្រហែលជា៤ថូរីឯរថយន្តបង្កវិញខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខយ៉ាងដំណំសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យអ្នកនរណាម្នាក់គ្រោះថ្នាក់ឬរងរបួសនោះទេគ្រាន់តែខូចខាតព្រទ្យសម្បត្តិរបស់ម្ចាស់ផ្ទះ និងខ្លួនឯងតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ