ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់យ៉ាងគំហុកជន់លិចលំនៅឋាន ក្បែរអូរក្នុងក្រុងបានលុង និងតាមបណ្តាស្រុកសត្វពាហនៈរងគ្រោះ និងងាប់គោអស់៣ក្បាល អាជ្ញាធរខេត្តកំពុងអន្តរាគមន៍

ចែករំលែក៖

ខេត្តរតនគិរី៖ ភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុកបណ្តាលឲ្យតំបន់មួយចំនួន តាមជ្រោះអូរជ្រលងភ្នំមានការលិចលង់រងផល់ប៉ះពាល់ និងបង្ករឲ្យសត្វពាហនៈរងគ្រោះមានគោចំនួន៣ក្បាល បានលង់ទឹកងាប់ នៅក្នុងទីរួមខេត្ត និងតាមបណ្តាស្រុកមួយចំនួនទៀត ។

ការលិចលង់បណ្តាលឲ្យមានសត្វគោ៣ក្បាលលង់ទឹកងាប់នោះ ដោយសារមានភ្លៀងធ្លាក់ខ្លាំកម្រិត២១១មីល្លីម៉ែត្រចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ ខែសីហា រហូតដល់ម៉ោង៥ ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ បណ្តាលឲ្យមានធ្លាក់ទឹកជំនន់យ៉ាងគំហុក នៅតាមជ្រោះអូរចាស់ៗ រួមមានអូរកន្តឹលសង្កាត់បឹងកន្សែង អូរកាញ ហូរធ្លាក់រហូតដល់អូរកាទៀង សង្កាត់កាចាញ ក្រងបានលុង និងដល់អូរទទឹង ឃុំល្បាំងមួយ ស្រុកលំផាត់ ខេត្តរតនគិរី ។

ក្នុងហេតុការណ៍នោះ មានជំនន់ទឹកភ្លៀងបានជន់លិចប៉ះពាល់ពលរដ្ឋជាក់ស្តែងចំនួន២៩៦គ្រួសារ លិចផ្ទៃដីស្រែចម្ការ ផ្ទះសម្បែង ជ្រូក មាន់ ទា គោ ក្របីមួយចំនួន បាក់បង្គោលភ្លើង និងលិចកាត់ផ្លូវជាតិលេខ៧៦ ពីបានលុង ទៅស្រុកលំផាត់ចំនួន០២កន្លែងផងដែរ ។

ប្រភពបានឲ្យដឹងថា ក្នុងនោះមានសត្វគោចំនួន៣ក្បាល បានលង់ទឹកងាប់ ដោយសារប្រជាពលរដ្ឋរស់នៅក្នុងភូមិល្បាំង គាត់យកគោចងទុកនៅផ្ទះចំការស្វាយចន្ទី ទំនាបជិតក្បែរមាត់អូរហើយក៏ត្រូវរងនៅទឹកជន់លិចគំហុកខ្លាំងមកចំតែម្តង ។

ក្នុងនោះ លោក ថង សាវុន អភិបាលខេត្តរតនគិរីបានចុះអន្តរាគមន៍ និងពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំល្បាំង១ និងឃុំបាតាង ស្រុកលំផាត់ ហើយអាជ្ញាធរក៏បានសង្គ្រោះពលរដ្ឋ០៣នាក់ ដែលជាប់នៅលើដំបូលផ្ទះ ដែលទឹកលិចមិនអាចឆ្លងរកទីទួលសុវត្ថិភាពបាន លោកអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះពលរដ្ឋគ្រប់រូបភាព ។

ថែមទាំងបានណែនាំដល់ពលរដ្ឋ ត្រូវស្វែងរកទីទួលសុវត្ថិភាព និងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ស្របពេលដែលមេឃនៅតែបន្តធ្លាក់ភ្លៀងរលឹមដែលស្ថានភាពជំនន់ពេលឡើងលឿន ស្រកចុះក៏លឿននោះ ៕ ជីវ័ន្ត


ចែករំលែក៖