ព័ត៌មានទាន់ហេតុការណ៍៖

Update៖ សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍១៤រោច ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៩នេះកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរា​ ប​ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានមានការចូលរួមពីថ្នាក់រដ្ឋមន្រ្តីសុខាភិបាល នៃប្រទេសសមាជិកអាស៊ានទាំង១០ អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) អគ្គលេខាធិការអាស៊ាន និងប្រតិភូអមដំណើរជាច្រើនទៀត។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានអោយដឹងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំរៀងរាល់ពីរឆ្នាំម្តង ជាលក្ខណៈប្តូរវេនដែលរួមមាន៖
១-កិច្ចប្រជុំត្រៀមឧត្តមមន្រ្តីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន និង
២-កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន ក្រោមប្រធានបទ «លើកកម្ពស់សុខភាពប្រជាជនអាស៊ានទាំងមូល»។

កិច្ចប្រជុំនេះបានពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗចំនួនបួនគឺ៖
១-ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព
២-ការធានានិរន្តរភាពហិរញ្ញប្បទាន សេវាថែទាំសុខភាព
៣-ការពង្រឹងសមត្ថភាព ក្នុងការអនុវត្ត និយ័តកម្មសុខភាពអន្តរជាតិរបស់អង្គការសុខភាពពិភពលោក
៤-នវានុវត្តន៍នៃការពង្រឹងសេវាថែទាំសុខភាព។

ក្នុងសុន្ទរកថា ដែលថ្លែងដោយ​ សម្ដេចពិជ័យសេនា ទៀ បាញ់ មានខ្លឹមសារសំខាន់ៗថា កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុងឧត្តមក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ស្របពេលនឹងការប្រារព្ធខួបលើកទី៥០ឆ្នាំ នៃការបង្កើតអាស៊ាន ដែលប្រទេសសមាជិកអាស៊ានទាំងអស់ បានខិតខំប្រឹងប្រែងរួមគ្នាដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ក៏ត្រូវបានពង្រីកការគ្របដណ្តប់ដល់មន្ត្រីសាធារណៈ​ អតីតមន្រ្តីរាជការ និង អតីតយុទ្ធជន ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភដល់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុ០២ឆ្នាំ ដើម្បីជំរុញការលូតលាស់,ទាំងកាយសម្បទា និង បញ្ញាស្មារតី ។ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលតំណាងឲ្យសម្តេចតេជោ បានថ្លែងថា បញ្ហាឱសថក្លែងក្លាយ និង អន់គុណភាព គឺជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដែលប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាដោះស្រាយជាបន្ទាន់, ទាំងនៅក្នុងប្រទេស តំបន់ និង សកលលោក ។ បើយើងប្រើប្រាស់ឱសថអន់គុណភាពព្យាបាលជំងឺ អាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ ហើយអាចប៉ះពាល់ដល់អាយុជីវិត និង ធ្វើឱ្យខាតបង់ថវិកាផ្ទាល់ខ្លួន ក៏ដូចជាខាតបង់ថវិការដ្ឋផងដែរ ។

ឱសថក្លែងក្លាយ និង អន់គុណភាព បានបង្កគ្រោះថ្នាក់ខ្ពស់ដល់សុខភាព, សុវត្ថិភាពសង្គម និង ធ្វើឱ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន​ បញ្ហាឱសថក្លែងក្លាយ និង អន់គុណភាព កំពុងរីករាលដាលគួរឱ្យព្រួយបារម្ភទាំងនៅក្នុងតំបន់ និង ពិភពលោក ជាពិសេសការផ្សព្វផ្សាយលក់ឱសថ តាមប្រព័ន្ធអនឡាញ គ្មានប្រភពច្បាស់លាស់ និងមិនមានការចុះបញ្ជីការត្រឹមត្រូវ។

នៅក្នុងសុន្ទរថា ដែលថ្លែងដោយសម្ដេចពិជ័យសេនា ទៀ បាញ់ នោះគឺបានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន០៦ ៖
១) ប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាលើកកម្ពស់ និង ជំរុញការអនុវត្តសកម្មភាព ដើម្បីធ្វើសុខដុមនីយកម្មវិស័យសុខាភិបាល នៅក្នុងតំបន់អាស៊ានទាំងមូលឱ្យកាន់តែល្អប្រសើរ តាមរយៈការកាត់បន្ថយគម្លាតផ្នែកគុណភាពសេវាសុខាភិបាល។

២)អាស៊ានត្រូវរួមគ្នាត្រៀមលក្ខណៈឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្នែកសុខភាពសាធារណៈ ជាពិសេសការ ផ្ទុះឡើងនៃជំងឺឆ្លង នៅក្នុងតំបន់អាស៊ាន និងគ្រោះមហន្តរាយនានា ដែលបង្កឡើងដោយសារការផ្លាស់ប្តូរអាកាសធាតុ។

៣)អាស៊ានត្រូវរួមគ្នាកាត់បន្ថយគម្លាតនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រតាមរយៈការជួយបំពេញឱ្យគ្នាទៅវិញទៅមកនូវចំណុចខ្វះខាត, ជួយកសាងសមត្ថភាពបច្ចេកទេស បច្ចេកវិទ្យាទំនើប និង ធនធានមនុស្ស ជាពិសេសត្រូវបំពាក់បំប៉ននូវចំណេះដឹង និង ជំនាញបច្ចេកទេស សមស្របតាមនិយាមអន្តរជាតិ និង បច្ចេកវិទ្យាទំនើប ដើម្បីផ្តល់សេវាជូនប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ភាពជឿជាក់។

៤)អាស៊ានត្រូវចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ នៃវិស័យសុខាភិបាល, ចែករំលែកនូវព័ត៌មានចំណេះដឹងបទពិសោធន៍ បច្ចេកវិទ្យា និង បច្ចេកទេសជាប្រចាំ ដើម្បីរិះរកវិធីសាស្ត្រ​និងតម្រូវការចាំបាច់សម្រាប់អនុវត្តរួមគ្នា ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនានា នៅក្នុងប្រទេសអាស៊ាន និងនៅក្នុងតំបន់។

៥) អាស៊ានត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និង អន់គុណភាព តាមរយៈកិច្ចសហប្រតិបត្តិការអន្តរវិស័យ, ការបន្តពង្រឹងក្របខណ្ឌច្បាប់, ការលើកកម្ពស់សមត្ថភាពមន្ត្រីបច្ចេកទេស តាមដានស្រាវជ្រាវជាប់ជាប្រចាំ​ និង ការបន្តពង្រឹងយន្តការអភិបាលកិច្ចល្អ។

៦)អាស៊ានត្រូវរួមគ្នាជាមួយដៃគូអភិវឌ្ឍន៍ និង អង្គការសុខភាពពិភពលោក ដើម្បីជំរុញការអនុវត្តយន្តការថ្នាក់តំបន់ និង សកលលោក ដែលមានស្រាប់ និង បង្កើតយន្តការ ឬ គោលការណ៍ណែនាំថ្មីៗ

បន្ថែមទៀត សម្រាប់ការធ្វើសុខដុមនីយកម្មវិស័យសុខាភិបាល ព្រមទាំងជួយគាំទ្រផ្នែកបច្ចេកទេស និង ថវិកា សម្រាប់ការទប់ស្កាត់ឱសថក្លែងក្លាយនិង អន់គុណភាព៕ សុខ ខេមរា


ចែករំលែក៖