ខេត្តកណ្តាល៖ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា អនុប៉ុស្តិ៍ជ្រោយតាកែវ និងបក្ខពួក វាយធ្វើបាបបុរសម្នាក់ទាំងដៃជាប់ខ្នោះ តំណាងអយ្យការចេញដីកាកោះហៅឲ្យចូលបំភ្លឺហើយ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ។ សំណុំរឿងនៅលោក ស៊ូ សុវិទ្យា ព្រះរាជអាជ្ញារង។
សូមរំលឹកថា អ្នកមីង ប្រាង ម៉ុម អាយុ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៧ សីហា ២០១៩ មានកម្មវិធីល្ខោនបាសាក់នៅចំណុចវត្តជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ។នៅថ្ងៃនោះដែរកូនប្រុស របស់នាងខ្ញុំឈ្មោះ ឃន វ៉ាន់នី បានចេញពីផ្ទះទៅមើលល្ខោនបាសាក់នៅចំណុចវត្តខាងលើនោះដែរ។រហូតដល់ម៉ោង២៣ និង៣០នាទី ថ្ងៃខែឆ្នាំដដែល កូនប្រុសរបស់នាងខ្ញុំបានចេញពីកន្លែងល្ខោនបាសាក់ត្រឡប់មកផ្ទះវិញ មកដល់ចំណុចក្លោងទ្វារវត្តជាប់ផ្លូវជាតិក៏បានជួបឈ្មោះ ណន ឧត្តម និងបក្ខពួក ហើយក៏បាននិយាយគ្នាទាក់ពាក្យសម្តីគ្នាបន្តិចបន្ទួច ។ ស្រាប់តែឈ្មោះ ណន ឧត្តម និងបក្ខពួក ចាប់កូនប្រុសរបស់នាងខ្ញុំ ដាក់ខ្នោះវាយធ្វើបាប ទាត់ធាក់ បណ្តាលឲ្យហូរឈាមតាមច្រមុះ តាមមាត់ តាមត្រជៀក រងរបួសជាទម្ងន់។
អ្នកមីងបានបន្តរទៀតថា បន្ទាប់ពីដាក់ពាក្យបណ្តឹងរហូតមកដល់ពេលនេះ សមត្ថកិច្ចបានកោះហៅគាត់ឲ្យមកសម្របសម្រួលបញ្ចប់រឿងពីលើកហើយនៅអធិការស្រុកកោះធំម្តង និងនៅស្នងការនគរបាលខេត្តម្តង។
តែជនបង្កមិនព្រមសារភាព ពិតជាអយុត្តិធម៌សម្រាប់គាត់ និងកូនគាត់ខ្លាំងណាស់ ។ជាចុងក្រោយគាត់បានសំណូមពរឲ្យជនបង្កឆ្លើយសារភាព និងទាមទាសំណងជំងឺចិត្តសម្រាប់មើលជំងឺចំនួន៥០០០ដុល្លារ។
លោក ចាន់ វ័រ មេប៉ុស្តិ៍នគរបាលជ្រោយតាកែវបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុឈ្មោះ ឃន វ៉ាន់នី និងបក្ខពួកប្រមាណជិត២០នាក់ បានដើរមកកន្លែងប្រជាការពារក្នុងនោះមានលោក ណន ឧត្តម នាយរងប៉ុស្តិ៍នៅក្នុងនោះដែរ ហើយក្រុមឃន វ៉ាន់នី និងបក្ខពួក ក្នុងស្ថានភាពស្រវឹង តែលោកមិនដឹងថាផឹកមកពីណាទេ បានស្រែកដៀមដាមមកលើកូនចៅរបស់គាត់ ហើយថែមទាំងឡើងជង្គង់មួយជង្គង់ ក៏ប្រតាយប្រតប់គ្នាតែម្តងទៅ ហើយលោកបានបញ្ជាក់ថា កូនចៅរបស់លោកមិនបានវាយ និងដាក់ខ្នោះទៅលើជនរងគ្រោះនោះទេ ៕ ឆ ដា