ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់បើកម៉ូតូឌុបគ្នាយ៉ាងលឿន បោះពួយទៅបុកជាមួយរថយន្តបត់ឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ ស្រាល

ចែករំលែក៖

ខេត្តកណ្តាល៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿង បើកបោះពួយយ៉ាងលឿន ជ្រុលទៅបុកជាមួយរថយន្តម៉ាកឡិចស៊ីស RX330 កំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ។ ចំណែកឯរថយន្ត និងម៉ូតូរងការខូចខាតយ៉ាងដំណំ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨ និង២៥នាទីយប់ ថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ២១បេ ត្រង់ចំណុចខាងមុខបុរីគ្រីស្តាល់ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះរងរបួសធ្ងន់ស្រាល ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយរបស់ស្នងការដ្ឋាននគរបាលខេត្ត ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ ធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ហ៊ួន ក្រូច ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិតារ៉េនជោរ ឃុំអង្គត្រាញ់ ស្រុកទ្រាំង ខេត្តតាកែវ ជាអ្នកបើកបរម៉ូតូម៉ាកហុងដា ហ្សូមម័រអេច ពណ៌ត្រួយចេកលាយស ពាក់ស្លាកលេខ តាកែវ1P-2635 និងអ្នករួមដំណើរជាមួយរងរបួសស្រាលនោះឈ្មោះ ហ៊ួន មាន ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាប្អូនប្រុសអ្នកបើកបរម៉ូតូ មានទីលំនៅក្នុងភូមិ/ឃុំជាមួយគ្នា ។ ចំណែកឯរថយន្តម៉ាកឡិចស៊ីសRX330 ពណ៌ទឹកមាស ពាក់ស្លាលេខ កណ្ដាល2A-6246 បើកបរដោយជនមិនស្គាល់អត្តសញ្ញា ក្រោយពីកើតហេតុចុះគេចខ្លួនបាត់ ។

សាក្សីនៅកន្លែងកើតហេតុនិយាយថា នៅមុនពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍នេះគេបានឃើញយុវជនរងគ្រោះ២នាក់ខាងលើនេះជិះម៉ូតូឌុបគ្នាតាម បណ្តោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីត្បូងទៅជើង(ពីស្អាងឆ្ពោះទៅក្រុងតាខ្មៅ) ដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុគេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុករថយន្តម៉ាកឡិចស៊ីសដែលបើកច្រាស់ទិសគ្នាបត់ឆ្លងផ្លូវ ពេញមួយទំហឹងធ្វើឲ្យជនរងគ្រោះរងរបួសធ្ងន់ស្រាលយ៉ាងដូច្នេះ ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយភាគីរថយន្តបើកបត់ឆ្លងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ចំណែកឯម៉ូតូបើកបរក្នុងល្បឿនលឿន ទើបបណ្តាលឲ្យចាប់ហ្វ្រាំងមិនជាប់បុកជាមួយរថយន្តនេះតែម្តង ៕ស្អាងជ័យ


ចែករំលែក៖