ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបកន្លែងជល់មាន់តាមភូមិ ក្នុងបន្ទាយយោធាមិនហ៊ានទៅក្បែរ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមអ្នកញៀនល្បែងជល់មាន់មួយក្រុម ត្រូវបានសមត្ថកិច្ចបង្ក្រាបរួមជាមួយវត្ថុតាងមួយចំនួនទៀតផង ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ការបង្ក្រាបនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនសាទរហើយមួយចំនួនទៀតរិះគន់ថា បង្ក្រាបតែអ្នកតូចតាច ចំណែកអ្នកបើកសង្វៀនធំ ជាមន្ត្រីយោធាជាន់ខ្ពស់ មិនហ៊ានសូម្បីទៅក្បែរ ។

ការលើកឡើងនេះបន្ទាប់ពីរសៀលថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១៩នៅចំណុចព្រៃខាងជើងភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺក្រោយពលនគរបាលស្រុកបានស្រាវជ្រាវដឹងថាទីតាំងខាងលើនេះមានជល់មាន់ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទងបានចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសង ខាងលើតែម្តង ។ ក្នុងនោះឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានចំនួន ៣នាក់នោះទី១មានឈ្មោះ គង់ វៃ អាយុ ៤០ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី២មានឈ្មោះ សាន ភារម្យ ភេទប្រុស ៣២ឆ្នាំមុខរបរមិនពិតប្រាកដ នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៣មានឈ្មោះ ផល សំ ភេទប្រុសអាយុ ២៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្រោយឃាត់ខ្លួននគរបាល ដកហូតបាន មាន់ ១ក្បាលជញ្ជីងសម្រាប់ថ្លឹង១ បង់រុំជើងមាន់១ដុំ និងម៉ូតូចំនួន០២គ្រឿងផងដែរ ។

បច្ចុប្បន្នក្រុមអ្នកញៀនល្បែងរួមជាមួយវត្ថុតាងត្រូវបានកសាងសំណុំរឿងបន្តដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ស្របពេលដែលស្រុកសំរោងទងបើកប្រតិបត្តិការបង្ក្រាបក្រុមអ្នកជល់មាន់នេះដែរមានការលើកឡើងថាខាងស្រុកគងពិសីគួរណាស់តែបង្ក្រាបក្រុមអ្នកជល់មាន់នៅសាលាហ្វឹកហ្វឺនភ្នំស្រង់ដែលគ្រប់គ្រងដោយលោកផ្កាយ៣មួយរូបនោះផង ។ សង្វៀនរបស់លោកផ្កាយ៣តាមប្រភពគឺមានទទួលឈ្នួលរហូតដល់ទៅ៣មុឺនដុល្លារទៀតផង ហើយការលេងភ្នាល់មានរហូតគូខ្លះ១០.០០០ទៅ២០.០០០ដុល្លារក៏មាន ។

បើតាមមន្ត្រីតូចតាចបានបង្ហើបថា កុំថាឡើយលោកអធិការសូម្បីថ្នាក់ស្នងការក៏មិនហ៊ានក្អកដែរ ព្រោះគេលេងក្នុងបន្ទាយយោធា ។ សមត្ថកិច្ចមិនអាចចេញចូលបានតាមចិត្តនោះទេ គេមានកងការពារ២៤ម៉ោងលើ២៤ម៉ោង មិនមែនជារឿងងាយស្រួលក្នុងការចុះទៅបង្ក្រាបនោះទេ ។ ហេតុដូច្នោះហើយ សូមកុំបន្ទោសថា ហេតុអ្វីមិនចាប់បង្ក្រាប ៕ សេនាស័ក្តិ


ចែករំលែក៖