ខេត្តព្រះសីហនុ៖ មន្ត្រីកងទព័ជើងទឹកកម្ពុជា បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៩ និង២០នាទីនាទី ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នាវាចម្បាំកងទ័ពជើងទឹកប្រទេសឥណ្ឌាចំនួន២គ្រឿង បានចូលចតកំពង់ផែ ក្រុងព្រះសីហនុ សម្រាប់ដំណើរទស្សនកិច្ចជាមិត្តភាព នៅកម្ពុជាចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ហើយពេលចូលមកដល់កំពង់ផែ ប្រតិភូនាវាចម្បាំកងទ័ពជើងទឹកប្រទេសឥណ្ឌា ទទួលបានការស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅពីលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទព័ជើងទឹកមូលដ្ឋានសមុទ្រ នាយនាវី នាយនាវីរងកងទព័ជើងទឹកមូលដ្ឋានសមុទ្រ សមត្ថកិច្ចចម្រុះ ព្រមទាំងអជ្ញាធរសុីវិលក្នុងខេត្តព្រះសីហនុជាច្រើនរូបទៀត។
បើតាមសេចក្តីប្រកាសព័ត៌មានពីខាងកងទព័ជើងទឹកកម្ពុជាឲ្យដឹងថា នាវាទាំងពីរគ្រឿងរួមមាន៖ នាវាទី1 ឈ្មោះ INS KILTAN ជាប្រភេទ នាវាប្រឆាំងនាវាមុជទឹក មានបណ្តោយប្រវែង 110 m,ទទឹងប្រវែង 12,8 m, ជម្រៅទឹក 07 m , ទម្ងន់ផ្ទុក3150 តោន ។ នាវាទី2 ឈ្មោះ INS SAHYADRI ជាប្រភេទនាវាចម្បាំងបំពាក់មីសុីល មានបណ្តោយប្រវែង 143 m, ទទឹងប្រវែង 17m, ជម្រៅទឹក 07 m, ទម្ងន់ផ្ទុក 6200 តោន និងមាននាវិកសរុបទាំងអស់ចំនួន 508នាក់ ដឹកនាំដោយលោក វរនាវីឯកAshwin Arvind ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅកម្ពុជា មេបញ្ជាការនាវានឹងមានជំនួបលក្ខណៈមិត្តភាពជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ ,ជំនួបជាមួយមេបញ្ជាការកងទព័ជើងទឹក និងមានកម្មវិធីកិច្ចសហប្រតិបត្តិការមួយចំនួនទៀតរវាងកងទព័ជើងទឹកកម្ពុជា និងកងនាវិកលើនាវានេះផងដែរ ៕ ឆ្លាមសមុទ្រ