ភ្នំពេញ ៖ កាបូបមួយ ឃើញមានឯកសារ ខោអាវ លិខិតឆ្លងដែននៅក្នុងនោះផង ត្រូវបានប្រជាពលរដ្ឋ ដើររកជីកទំពាំងប្រទះឃើញ បោះប្លុងចោលក្នុងព្រៃ ដែលគេដាក់ការសង្ស័យ អាចជាសម្ភារៈពាក់ព័ន្ធ មកពីបទល្មើសឆក់ណាមួយហើយ រើកកាយ ឆែកយកលុយអស់បោះប្លុងកាបូបចោល បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅព្រៃរបោះ ខាងត្បូងវត្តជន្លង់ម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
តាមប្រជាពលរដ្ឋ ប្រជាការពារភូមិ បានឲ្យដឹងថា មុនប្រទះឃើញកាបូបខ្មៅខាងលើ បន្ទាប់ពីមានប្រជាពលរដ្ឋ ដើររកជីទំពាំង ប្រទះឃើញកាបូប បោះប្លុងចោល ក្នុងព្រៃចំណុចខាងលើ ឃើញរាយពាយ មានឯកសារ លិខិតឆ្លងដែន ជាជនជាតិចិន ទើបផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅប្រមូលយកទៅរក្សាទុក បន្តស្រាវជ្រាវ ។
តាមការពិនិត្យលើលិខិតឆ្លងដែន មានឈ្មោះ SUN GUOQING ភេទប្រុស កើតនៅថ្ងៃទី 17 Aug 1966 ជនជាតិចិន បម្រើការងារនៅក្រុមហ៊ុន SELF EMPLOYED ។ ហើយក្រៅពីឯកសារ ឃើញមានខោអាវមួយចំនួនទៀតផង ។
ក្រោយពីប្រទះសម្ភារៈ ឯកសារ ទាំងនោះ ដែលគេសន្និដ្ឋាន ជាសម្ភារៈដែលជនសង្ស័យ ឆក់កាបូប ពីជនរងគ្រោះ បានហើយ គេចខ្លួនទៅរើកកាយ យកលុយ អស់ ហើយបោះ សម្ភារៈ កាបូប ចោលក្នុងព្រៃទីនោះតែម្តង ។
តែទោះជាយ៉ាងណាក្តី សមត្ថកិច្ច ប្រមូលយកសម្ភារៈទាំងនោះទៅរក្សាទុកនៅ ប៉ុស្តិ៍ភ្លើងឆេះរទេះ ខណ្ឌកំបូល បន្តធ្វើការស្រាវជ្រាវរកម្ចាស់ ៕សុខាសែនជ័យ