ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់កាបូបលុយពីបុរសជនជាតិចិនម្នាក់អស់លុយ១ម៉ឺន៧ពាន់ដុល្លារ ខណៈដែលកំពុងដើរចេញពីភោជនីយដ្ឋានយីហោ”សាន សុំាង ” ស្ថិតនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បំណងចូលក្នុងរថយន្តរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋកាលពីម៉ោង១១យប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃទា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមប្រភពព័ត៍មានពីបុរសម្នាក់ជាអ្នកបកប្រែភាសាចិន បានឲ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះបានចូលភោជនីយដ្ឋានយីហោ”សាន សុំាង ”ខាងលើ ដែលត្រូវជាហាងមិត្តភក្តិរបស់គាត់ លុះដល់វេលាម៉ោងកើតហេតុ គាត់បានហូបចប់ហើយក៏ដើរចេញមកក្រៅបំណងឡើងជិះរថយន្តរបស់គាត់ដែលទុកនៅចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ី ដើម្បីត្រលប់ទៅផ្ទះវិញ ។ ស្រាប់តែពេលនោះជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងមិនចាំម៉ាក និងស្លាកលេខ ដោយធ្វើដំណើរបញ្ច្រាសចរាចរណ៍ពីត្បូងទៅជើង ហើយមិនមានមួកសុវត្ថិភាពនោះទេ មកធ្វើសកម្មភាពឆក់យកកាបូបស្ពាយចំហៀងរបស់ជនរងគ្រោះដែលកាន់នៅដៃបានសម្រេចហើយ រួចក៏ជិះគេចខ្លួនបាត់ស្រមោលតែម្តង ។
ប្រភពដដែលបន្តថា បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានបញ្ជាក់ថា នៅក្នុងកាបូបរបស់គាត់នោះ មានលុយ១ម៉ឺន៧ពាន់ដុល្លារ មានលិខិតឆ្លងដែន និងកាតធនាគារមួយចំនួនទៀតផងដែរ ។
ក្រោយកើតហេតុ ជនរងគ្រោះបានទាក់ទងទៅបងប្អូនមកទីតាំងកន្លែងកើតហេតុភ្លាមៗ និងប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឱ្យជួយធ្វើអន្តរាគមន៍ និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើ យកមកផ្តល់ន្ទាទោសតាមច្បាប់ ៕ សុខា សែនជ័យ