ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានកូនប្រុស រាវរកឃើញនៅបាតស្រះទឹកខាងមុខផ្ទះ បន្ទាប់ជនរងគ្រោះយកមងទៅរាយក្នុងស្រះខាងលើ សង្ស័យបណ្ដាលមកពីជំងឺខ្យល់គរ(គាំងបេះដូង) ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១២ និង៣៥នាទី ថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចស្រះទឹកខាងមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ ជនរងគ្រោះ(ស្លាប់)ឈ្មោះ កង សៅរី ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសស្រីចំនួន ៨នាក់ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំកើតហេតុ មុនកើតហេតុគេឃើញជនរងគ្រោះទើបត្រឡប់មកពីបាញ់ថ្នាំស្រូវ និងផឹកស្រាស្រវឹងផងដែរ។
របាយការណ៍នគរបាលបន្តថា យោងតាមការបំភ្លឺពីកូនប្រុសឈ្មោះ ឆន ចាន់ អាយុ ១០ឆ្នាំ ដែលបានទៅជាមួយឪពុក និងក្រុមគ្រួសារផងនោះថា នៅវេលាម៉ោង១២ និង០០នាទីមុនកើតហេតុបន្តិច ខ្លួន(កូនប្រុស)បានយកមងទៅរាយក្នុងស្រះទឹកខាងលើ ពេលរាយមងរួចរាល់ខ្លួនបានដើរមកផ្ទះមុន ដោយឃើញឪពុកនៅសំអាតខ្លួនប្រាណ និងដៃជើង ប៉ុន្តែដោយបាត់ឪពុកយូពេក ខ្លួនក៏ដើរទៅស្រះទឹកវិញ ស្រែកហៅក៏អត់លឺ មានការសង្ស័យចុះមុជរាវក្នុងទឹកស្រះ ក៏ប្រទះឃើញដេកផ្កាប់មុខនៅបាត់ដី ទើបហៅគេឯងឲ្យមកជួយស្រង់សពឪពុក ។
របាយការណ៍ដដែលបន្តទៀតថា ករណីមនុស្សលង់ទឹកស្រះកណ្ដាលឲ្យស្លាប់នេះ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ផងដែរ ជនរងគ្រោះពិតជាអាចស្លាប់ដោយសារលង់ទឹកពិតប្រាកដ អាចបណ្ដាលមកពីជំងឺខ្យល់គរ(គាំងបេះដូង) ខណៈក្រុមគ្រួសារសាច់ញាតិអះអាង ជនរងគ្រោះផឹកថ្នាជាប្រចាំ និងទើបត្រឡប់មកបាញ់ថ្នាំស្រូវផង រួចចូលទៅក្នុងទឹកស្រះទៀត ។ សាកសពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន