ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលលាច ឃាត់ចាប់ខ្លួនជនសង្ស័យ ២នាក់ករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជនសង្ស័យចំនួន ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលលាច ចាប់ដាក់ខ្នោះដៃនៅគ្រាកំពុងចុះល្បាត់ក្នុងមូលដ្ឋានរដ្ឋបាលរបស់ខ្លួន រកឃើញវត្ថុតាងសង្ស័យជាសារធាតុញៀន និងវត្ថុផ្សេងៗទៀតផងដែរ ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៩ និង៤៥នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់លំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលខាងលើ ជនសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ខ្លួនទី១ ឈ្មោះ វ៉ាន បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំព្រងិល ស្រុកភ្នំក្រវាញ និងទី២ ឈ្មោះ រ៉េត រ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលខាងលើបន្តថា ក្នុងកិច្ចប្រត្តិបត្តិការខាងលើកម្លាំងដកហូតនូវវត្ថុតាង ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៤កញ្ចប់តូច ស្មើនឹងទម្ងន់ចំនួន ១.៣៧ក្រាម ដែកកេះចំនួន ៣ ទូរស័ព្ទចំនួន ២គ្រឿង និងម៉ូតូចំនួន ១គ្រឿងម៉ាក យ៉ាម៉ាហា កែច្នៃ គុណភាពចាស់ ជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារៈផ្សេងៗ បញ្ជូនទៅអធិការដ្ឋាននដ្ឋានស្រុកភ្នំក្រវាញ ដើម្បីបន្តនីតិវិធី ៕ បុឹម ពិន


ចែករំលែក៖