ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធកូនអត់ទ្រាំលែងបាន នាំគ្នារត់ចោល ធ្វើឲ្យបុរសជាប្ដីតូចចិត្ត និងបែកគំនិតប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯង តែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីប្រពន្ធ-កូននាំគ្នារត់ចោលអស់ ហើយគ្មានសង្ឃឹមរស់នៅក្នុងខ្សែជីវិតខ្លួនឯង ក៏បែបគំនិតប៉ុនប៉ងបញ្ចប់ជីវិត ដោយលេបថ្នាំជាច្រើនគ្រាប់ តែមិនស្លាប់ ធ្វើឲ្យដេកសន្លប់ស្តូកស្តឹង ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចគាស់ទ្វារចូលទៅជួយ ដឹកបញ្ជូនទៅពេទ្យ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

ប្រជាពលរដ្ឋរស់នៅជិតខាងបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ប្រាក់ ចន្ថា អាយុ៥៦ឆ្នាំ មានប្រពន្ធ កូន៣នាក់ ។

អ្នកជិតខាងបានឲ្យដឹងទៀតថា បុរសខាងលើ ចូលចិត្តផឹកសុរា ថ្ងៃណាក៏ស្រវឹង ពេលដែលបានស្រវឹងហើយ តែងតែវាយធ្វើបាបប្រពន្ធកូន រហូតដល់ ទ្រាំលែងបាន ប្រពន្ធនាំកូន៣នាក់ចុះចោលបាត់ អស់រយៈពេល២ថ្ងៃកន្លងមកហើយ ។

ប្រភពដដែលបានបន្តទៀតថា នៅព្រឹកមុនកើតហេតុ គេឃើញបុរសខាងលើ កាន់ថ្នាំជាច្រើនបន្ទះមកអង្គុយហែកប្រលេះ ខាងមុខផ្ទះ រួចក៏ដើរឡើងទៅលើផ្ទះបាត់ លុះដល់វេលាម៉ោង១១និង២០នាទីទៅហើយ មិនឃើញបុរសខាងលើ ចេញមកឡូឡាដូចសព្វដងទៀត ទើបសង្ស័យ ពាក់ព័ន្ធឃើញអង្គុយ បេះប្រលេះថ្នាំ ក៏ទៅគោះទ្វារហៅ តែមិនឆ្លើយ រាយការណ៍ទៅសមត្ថកិច្ច រួមគ្នាជាមួយពលរដ្ឋជិតខាង គាស់ទ្វារចូលមើលជាក់ស្តែង បុរសពោះម៉ាយ២ថ្ងៃ កំពុងក្នុងសភាពសន្លប់ ដេកស្តូក ផ្អើលឆោឡោ ហៅរថយន្ត ដឹកបញ្ជូនទៅគ្លីនិកឯកជនតែម្ដង ៕ ភារ៉ា ដង្កោ


ចែករំលែក៖