ព័ត៌មានទាន់ហេតុការណ៍៖

ដុតបំផ្លាញទូហ្គេមបាញ់ត្រីខុសច្បាប់លើកទី២ ចំនួន៩គ្រឿង នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ ៖ ទូហ្គេមបាញ់ត្រីខុសច្បាប់ចំនួន៩គ្រឿង ដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បង្ក្រាបបានកាលពីពេលកន្លងមកនោះ ត្រូវបានដុតបំផ្លាញចោលនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចចំណងរថយន្តក្រុងរបស់លោកស្រីស៊ុយ សុផាន ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានមានប្រាសាសន៍ថា បន្ទាប់ពី គណះបញ្ជាការឯកភាពខណ្ឌបង្ក្រាប់បានទូហ្គេមបាញ់ត្រីខុសច្បាប់ ០៩គ្រឿង ថ្ងៃនេះរដ្ឋបាលខណ្ឌសម្រេចដុតបំផ្លាញចោលដោយមានការសម្រេចពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ទូរហ្គេមដែលដុតចោលទាំងអស់នេះត្រូវបានបង្ក្រាបនូវទីតាំងល្បែងស៊ីសងខុសច្បាប់ ពិសេសទីតាំងហ្គេមបាញ់ត្រីតែម្តង ដែលជាទីតាំងពពាក់ពពូន ក៏ដូចជាប្រមូលផ្តំុទៅដោយ ក្រុមអ្នកញៀនល្បែក្រុមក្មេងស្ទាវញៀនថ្នាំជាដើម ។ ក្រោយការបង្ក្រាបបានជាបន្តបន្ទាប់ហើយនោះ ទូហ្គេមទាំងអស់ត្រូវយកទៅរក្សាទុកនៅសាលាខណ្ឌ ហើយទើបនឹងយកមកដុតបំផ្លាញចោលនៅព្រឹកថ្ងៃខែដដែលនេះតែម្តង ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានមានប្រសាសន៍ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទពាក់ព័ន្ធ ពិសេសកម្លាំងនគរបាលមូលដ្ឋាន ធ្វើយ៉ាងត្រូវបង្កើនស្មារតីភាពយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្រាវជ្រាវលុបបំបាត់នូវរាល់ទីតាំងហ្គេមបាញ់ត្រីដែលកំពុងកើតមានក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួន ពិសេសត្រូវទប់ស្កាត់ និងបង្ការ កុំអោយកើតមានល្បែងស៉ីសងគ្រប់ប្រភេទ បង្ក្រាប់មុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀន មុខសញ្ញាចោរកម្មដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ ។

សូមបញ្ជាក់ថា ការដុតបំផ្លាញទូហ្គេមបាញ់ត្រីខុសច្បាប់នៅពេលនេះ គឺជាលើកទី២ហើយ ដែលលើកទី១ អាជ្ញាធរខណ្ឌធ្លាប់បានដុតបំផ្លាញទូហ្គេម១០គ្រឿង ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨កន្លទៅ ៕ សណ្តោស


ចែករំលែក៖