ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្ត្រីគន់ គីម អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយចែកជូន ប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ជាង១ពាន់គ្រួសារ ក្នុងក្រុងស្ទឹងត្រែង និងស្រុកបុរីអូរស្វាយសែនជ័យ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោកគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទីមួយគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ជាតិ អមដំណើរដោយលោកម៉ុម សារឿន អភិបាល នៃគណ:អភិបាលខេត្ត លោកប្រធានកាកបាតក្រហមកម្ពុជាខេត្ត និងប្រធានមន្ទីរជុំវិញខេត្ត រួមនឹងកងកម្លាំងប្រដាប់អាវុធទាំងបួនប្រភេទ អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅថ្ងៃសុក្រ ៨កើត ខែភត្របទ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ២០១៩ ស្ថិតក្នុងក្រុងស្ទឹងត្រែង និងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោកគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទីមួយ គ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ទៅកាន់បងប្អូន ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែង និងស្រុកបុរីអូរស្វាយសែនជ័យ សរុបជាង១ពាន់គ្រួសារដែលរងផលប៉ះពាល់ ដោយសារទឹកជំនន់ទឹកភ្លៀងនេះថា: បងប្អូនយើងទាំងអស់មេត្តាប្រុងប្រយ័ត្ន ចំពោះកូនក្មេងតូចៗ ត្រូវប្រយ័ត្នចំពោះទឹក កុំបណ្តោយឲ្យក្មេងៗលេងទឹក ខ្លាចក្រែងមានគ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេស ហូបទឹកស្អាត ទឹកឆ្អឹនឲ្យបានឆ្អឹនល្អ ដើម្បីសុខភាព មានជីវិត មានអ្វីៗគ្រប់យ៉ាង។

លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា: បច្ចុប្បន្ននេះទឹកកំពុងតែឡើងយ៉ាងគំហុក ដោយសារទឹកភ្លៀង ព្រោះដោយសារ ប្រទេសយើងទទួលរងសំពាតខ្យល់ព្យុះ លាយឡំជាមួយទឹកភ្លៀងពីតិចទៅច្រើន ធ្វើឲ្យប្រទេសយើង រងនូវទឹកជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ដល់ប្រទេសកម្ពុជាយើង ធ្វើឲ្យបងប្អូនយើងមួយចំនួន រស់នៅជាប់មាត់សមុទ្រ និងនៅតំបន់ខ្ពង់រាប ជាពិសេស នៅតាមដងទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក តែទោះជាយ៉ាងណាក៏ដោយ ក៏សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកមិនទុកបងប្អូនប្រជាពលរដ្ឋណាចោលម្នាក់នោះទេ គឺលោកតែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ចកាល ។

ក្រោយពីរបានចែកអំណោយជូនដល់ពលរដ្ឋរងគ្រោះ ទាំងអស់ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ដោយអាជ្ញាធរស្រុកក្រុង និងខេត្តជួយសង្គ្រោះ ចំនួន១៤៦៦គ្រួសារមក លោកបានផ្តាំផ្ញើដល់លោកអភិបាលខេត្ត ជាពិសេសលោកអភិបាលស្រុក និងក្រុង នៅជាប់នឹងពលរដ្ឋដែលជាអាជ្ញាធរមូលដ្ឋាន ត្រូវសហការ និងដឹកនាំមន្ត្រីក្រោមឱវាទ ជួយសង្គ្រោះ និងយកចិត្តទុកដាក់ឲ្យបានល្អ ជាមួយពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់នេះ។

ក្រោយមក លោកទេសរដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យស្ថានភាពទឹកលិចលង់ផ្ទះសម្បែង របស់ពលរដ្ឋ រងនូវការគំរាមកំហែង ពីទឹកជំនន់ផ្ទាល់ក្នុងស្រុកបុរីអូរស្វាយសែនជ័យ និងទ្វារទឹកទាំងបួន ក្នុងក្រុងស្ទឹងត្រែង ៕ មាស សុផាត


ចែករំលែក៖