ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរតិចតួច តែបែរក្លាយជាអំពើហិង្សា បុរសម្នាក់ដកកាំភ្លើង វាយភាគីទំនាស់ បណ្ដាលឲ្យរងរបួសបែកក្បាល នៅម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពពីមិត្តស្រីរបស់បុរសរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ ពួកគេបានចេញពីហូបអី ដោយបើកម៉ូតូ ម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-2449 ត្រឡប់ទៅផ្ទះវិញ មកដល់ចំណុចមុខស្ថានទូតគុយវ៉ែត ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FR-1386 បើកបរដោយបុរសម្នាក់ បណ្ដាលឲ្យដួលទៅនឹងថ្នល់។
ភ្លាមៗនោះបុរសជាម្ចាស់ម៉ូតូ HONDA DREAM បានងើបមកវាយសង្សារខ្លួនជាច្រើនដៃ និងបានដកកាំភ្លើងខ្លី វាយចំក្បាល បណ្ដាលឲ្យរងរបួសហូរឈាម ត្រូវបានរថយន្តសង្រ្គោះបន្ទាន់ ដឹកបញ្ជូនទៅមន្ទីរពេទ្យ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ហើយនាំខ្លួនជនបង្ករបួសស្នាម ទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីសួរនាំ ចាត់ការតាមនីតីវិធី ៕ ជ្រោយពេជ្រ