ភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលឆក់កាបូបជនជាតិចិន បណ្តាលឲ្យធ្លាក់ស្លាប់ពីលើកង់បី កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះកន្លងទៅនេះ ត្រង់ចំណុចសង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងចាប់ខ្លួនបានហើយ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។
លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានប្រាប់ឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗ កម្លាំងសាំងសមត្ថកិច្ចបានប្រតិបត្តិការស្វែងរកចាប់ខ្លួនជនដៃដល់ទាំង២នាក់ រហូតមកដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ទើបកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានចាប់ខ្លួនបានសម្រេច។ ក្រោយការឃាត់ខ្លួនសមត្ថកិច្ច បានប្រមូលបានវត្ថុតាងដូចជា ៖ ម៉ូតូមួយគ្រឿង ទូរស័ព្ទ០១គ្រឿង ជារបស់ជនរងគ្រោះ។
នៅចំពោះមុខសមត្ថកិច្ច ចោរឆក់ទាំង២នាក់សារភាពថា ខ្លួនពិតជាបានឆក់ជនរងគ្រោះបណ្តាលឲ្យធ្លាក់ពីលើកង់បីស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នករណីចោរឆក់ក្នុងរាជធានីភ្នំពេញ កំពុងតែកើតមានឡើងយ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យព្រួយបារម្មណ៍យ៉ាងខ្លាំងនឹងបញ្ហាអសន្តិសុខនេះ។
បន្ទាប់ពីសាកសួរ ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដដើម្បីកសាងសំណុំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ