ព័ត៌មានទាន់ហេតុការណ៍៖

នេសាទឈ្លើងយកទៅលក់ដោយប្រើសាច់ស្រស់ឈាមស្រស់ឆ្នាំនេះ មានតម្លៃថោកជាងឆ្នាំមុនជាងពាក់កណ្តាល

ចែករំលែក៖

ខេត្តស្វាយរៀង៖ ខណៈដែលរដូវវស្សាចូលមកដល់ ក្រោយពីការងារធ្វើស្រែចម្ការរួច ពលរដ្ឋរស់នៅឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង បាននាំគ្នាដើរនេសាទឈ្លើង ដើម្បីលក់ឲ្យឈ្មួញរកកម្រៃបន្ថែមលើជីវភាពគ្រួសារ ប៉ុន្តែតម្លៃឈ្លើងឆ្នាំនេះថោកជាងឆ្នាំមុនជាងពាក់កណ្តាល ។

លោក មាន សាន អាយុ៤២ឆ្នាំ រស់នៅភូមិខ្នុរ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ជាកសិករនិងមានមុខរបរមួយទៀត គឺមុខរបរនេសាទឈ្លើង បានប្រាប់ឲ្យដឹងថា ក្រៅពីការងារធ្វើស្រែចម្ការនោះ គឺពួកគាត់ដើរនេសាទឈ្លើងតាមទីវាលស្រែដែលមានទឹក ដែលមុខរបរនេះលោកបានធ្វើអស់រយៈពេលជាង១០ឆ្នាំមកហើយ។

លោកមានសានបានបន្តឲ្យដឹងទៀតថា ក្នុងការដើរនេសាទឈ្លើងនេះ មិនងាយស្រួលដូចមុខរបរផ្សេងៗនោះទេ ដោយត្រូវធ្វើដំណើរចេញពីផ្ទះទៅរកទីកន្លែង ដែលមានទឹក និងសំបូរទៅដោយសត្វគោក្របីដេកនៅតាមមាត់បឹងតាមវាលស្រែ ដែលមានទឹកជាដើម។ ម្យ៉ាងវិញទៀតនោះត្រូវចុះក្នុងទឹកកូរ ឬក្រឡុកទឹកធ្វើឲ្យសត្វឈ្លើងចេញមកដើម្បីត្រងយក ឬឲ្យសត្វឈ្លើងទាមជើង ទើបចាប់យកដាក់ប៊ីដុង ហើយការទុកដាក់សត្វឈ្លើងវាមិនពិបាកនោះទេ គ្រាន់តែដាក់ប៊ីដុងនិងយកផ្លែក្រូចឆ្មាមកជួតតាមមាត់ប៊ីដុងធ្វើឲ្យសត្វឈ្លើងចេញមិនរួចហើយរស់បានយូរ។

លោកបញ្ជាក់ថាការនេសាទឈ្លើងយកលក់ក្នុងឆ្នាំនេះ គឺមានការធ្លាក់ថ្លៃជាងឆ្នាំមុនៗដែលឆ្នាំមុនៗដោយសត្វឈ្លើងលក់បានក្នុង១គីឡូតម្លៃ៦ម៉ឺនទៅ៧ម៉ឺនរៀលឯណោះ ប៉ុន្តែក្នុងឆ្នាំនេះឈ្មួញទទួលទិញតែ១គីឡូក្រាមតម្លៃត្រឹមតែ២៥០០០រៀល ដែលជាហេតុធ្វើឲ្យពួកគាត់ខំរកទាំងក្រោមកណ្តាលថ្ងៃ និងកណ្តាលភ្លៀងយ៉ាងលំបាក និងត្រូវចេញពីផ្ទះទៅនេសាទសត្វឈ្លើងនៅតាមស្រុកភូមិឆ្ងាយៗហើយក្នុងមួយថ្ងៃអាចរកសត្វចាប់ពីកន្លះគីឡូក្រាមទៅ២គីឡូក្រាមឯណោះ ក្នុងម្នាក់ៗហើយសត្វឈ្លើងអាចប្រោះទុកបាន២ទៅ៣ថ្ងៃ។

ដោយឡែកលោកស្រី ស៊ូ ជាអ្នកនេសាទសត្វឈ្លើងម្នាក់ដែរនោះបាននិយាយថា ក្នុងការដើរនេសាទឈ្លើងនេះពួកគាត់មានគ្នាពី៧ទៅ៨នាក់ ហើយបានចែកកន្លែងគ្នាដើររកតាមទីវាលមាត់បឹង និងវាលស្រែដែលមានទឹកចម្ងាយពីគ្នា៤០០ទៅ៥០០ម៉ែត្រ។

លោកស្រីបានបន្តទៀតថា ចាប់ពីព្រលឹមពួកគាត់នាំគ្នាចេញពីផ្ទះទៅនេសាទឈ្លើងលុះដល់ម៉ោង២ឬ៣រសៀលទើបត្រឡប់មកផ្ទះវិញដោយមានម៉ូយមកចាំថ្លឹងទិញតែម្តង។

ចំណែកលោក ប្រាក់ សារឿន រស់នៅភូមិ ស្វាយធំ ឃុំ ស្វាយរំពា ស្រុកស្វាយទាប ដែលជាអ្នកទទួលទិញសត្វឈ្លើងបានប្រាប់ឲ្យដឹងថា គាត់មានមុខរបរទិញសត្វឈ្លើងនេះ រយៈពេល៥ទៅ៦ឆ្នាំមកហើយ។ក្រោយទិញឈ្លើងបានលោកយកទៅលក់បន្តឲ្យឈ្មួញទទួលទិញនៅភ្នំពេញហើយមិនច្បាស់ថាគេទិញយកធ្វើអ្វីនោះទេក្រៅពីសង្ស័យថាយកទៅបម្រើផ្នែកវេជ្ជសាស្រ្តនៅប្រទេសចិននោះ ៕ ប្រាថ្នា


ចែករំលែក៖