ព័ត៌មានទាន់ហេតុការណ៍៖

ខឹងគេថា លួចយកកង់គេមកបញ្ចាំស្ទុះទៅវាយបណ្ដាលឲ្យរបួសជាំភ្នែកស្ដាំយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីយុវជនសង្ស័យខាងលើនេះ បានស្ទុះទៅដាល់មុខគេមួយដៃពេញមួយទំហឹង បណ្ដាលឲ្យរងរបួសជាំភ្នែកយ៉ាងដំណំ ព្រោះខឹងគេថា លួចយកកង់គេទៅបញ្ចាំ ។ ករណីនេះកើតឡើងកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៣និង១៧នាទី ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សឿន គីមស្រ៊ុន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រីឯជនរងគ្រោះឈ្មោះ រិត រតនា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យនិងជនរងគ្រោះ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ដាវសាមូរ៉ៃចំនួន១ ប្រវែង១៦២សង់ទីម៉ែត្រ ,ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាកទឹកកកចំនួន១កញ្ចប់តូច និងឧបករណ៏ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ ។

ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ជនសង្ស័យបានខាងលើ បានជួបនិងជនរងគ្រោះ រួចសួរជនរងគ្រោះថា មានស្គាល់អ្នកណា ទទួលបញ្ចាំកង់ដែលឫទេ ? ភ្លាមនោះជនរងគ្រោះ ក៏និយាយថា បងឯងដើរលួចកង់គេមកបញ្ចាំទៀតហើយឬ? ប្រយត្ន័ម្ចាស់គេទាន់ជាប់គុកទាំងអ្នកលួច និងអ្នកបញ្ចាំ ។ ខណៈនោះជនសង្ស័យខឹងទៅលើជនរងគ្រោះ ក៏ស្ទុះទៅវាយជនរងគ្រោះមួយដៃ បណ្តាលឲ្យជាំភ្នែកខាងស្តាំ រួចក៏គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកហូរ ដើម្បីឲ្យសមត្ថកិច្ចជួយចាត់ការតាមច្បាប់ ។ បន្ទាប់ពីសមត្ថកិច្ចនគរបាលទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួច ភ្លាមនោះ កម្លាំងសមត្ថកិច្ច ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី៧ ខែឆ្នាំដដែល វេលាម៉ោង១៧និង៣០នាទី ព្រមទាំងប្រមូលបាននូវវត្ថុតាងខាងលើ រួចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖