ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញកំពុងរកមធ្យោបាយទាញសាឡង់បូមខ្សាច់ចេញពីសសរស្ពានព្រែកតាមាក់ ខណៈដែលចរន្ដទឹកហូរគួចខ្លាំង

ចែករំលែក៖

ខេត្តកណ្ដាល៖ រហូតដល់ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ សាឡង់បូមខ្សាច់ដែលបុកជាប់សសរស្ពានព្រែកតាមាក់ នៅពុំទាន់យកចេញពីកន្លែងកើតហេតុនៅឡើយទេ ខណៈដែលចរន្ដទឹកហូរគួចខ្លាំង ហើយសមត្ថកិច្ចបាននឹងកំពុងរិះរកមធ្យោបាយទាញសាឡង់នោះចេញ ។ គួររំឮកថា កាលពីថ្ងៃអាទិត្យម្សិលមិញ មានសាឡង់បូមខ្សាច់ដ៏ធំមួយគ្រឿង បានបើកជ្រុលចង្កូតទៅបុកសសរស្ពាន បណ្ដាលឲ្យគៀបជាប់នៅទីនោះ ។ ក្រោយពីមានហេតុការណ៍កើតឡើង អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល លោក ម៉ៅ ភិរុណ បានដឹកនាំកម្លាំងចំរុះ ចុះទៅពិនិត្យស្ថានភាពនៅកន្លែងកើតហេតុ ជាមួយគ្នានោះដែរ ក៏មានវត្ដមានម្ចាស់សាឡង់បូមខ្សាច់ចូលរួមសហការផងដែរ ។

ម្ចាស់សាឡង់បូមខ្សាច់មួយគ្រឿងនេះ មានឈ្មោះ ចាន់ណា ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅផ្ទះលេខ១៧AE១E0 ផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សាក្សីដែលជាជនជាតិខ្មែរឥស្លាមបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញសាឡង់មួយគ្រឿងខាងលើនេះ មានផ្ទុកខ្សាច់ពេញក្នុងសាឡង់ បានបើកតាមបណ្ដោយដងទន្លេមេគង្គ ខណៈបើកជិតដល់ចំណុចកើតហេតុ សាឡង់មួយគ្រឿងនេះ បានលិច ធ្វើឲ្យអ្នកបើកបរបាត់បង់ម្ចាស់ការ បណ្ដាលឲ្យសាឡង់អណ្ដែតហូរតាមខ្សែរទឹកទៅបុកជាមួយសសរស្ពានតែម្ដង ។ ដោយឡែកម្ចាស់សាឡង់លោក ចាន់ណា បានអះអាងប្រាប់មន្រ្ដីជំនាញសាធារណការ និងដឹកជញ្ជូនខេត្ដកណ្ដាលថា នៅមុនពេលកើតហេតុ អ្នកបើកបរសាឡង់បានព្យាយាមបើកគេចចេញពីទូកទេសចរណ៍មួយគ្រឿង ដែលបើកច្រាស់ទិសគ្នា ទើបបណ្ដាលឲ្យជ្រុលចង្កូតទៅបុកសសរស្ពានយ៉ាងដូច្នេះ ។

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដកណ្ដាល បានប្រាប់អ្នកយកព័ត៌មាននគរវត្ដថា ករណីនេះ លោកបានរាយការណ៍ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងសាធារណៈការ ដើម្បីរិះរកមធ្យោបាយស្ទូច ឬទាញសាឡង់បូមខ្សាច់នោះ ចេញពីសសរស្ពានដើម្បីពិនិត្យមើលស្ថានភាពសសរមានទទួលរងការខូចខាតអ្វីខ្លះ ហើយករណីនេះ ក៏មានវត្ដមានម្ចាស់សាឡង់ចូលរួមផងដែរ ។ លោកប្រធានមន្ទីរបានបន្ដថា រហូតដល់ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ សាឡង់នេះ ពុំទាន់យកចេញនៅឡើយទេ ៕ ស្អាងជ័យ


ចែករំលែក៖