ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចជាច្រើនស្ថាប័ន ទាំងមានអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះអនុវត្តសាលដីការបស់តុលាការកំពូល នៅស្រុករមាសហែក ខេត្តស្វាយរៀង ចំពោះពលរដ្ឋមួយគ្រួសារ ដែលរស់នៅលើដីរបស់រដ្ឋ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋមួយគ្រួសារដែលសមត្ថកិច្ចចុះអនុវត្តសាលដីកានេះ ឈ្មោះ ថោង សំអឿន រស់នៅភូមិត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
នៅក្នុងសាលដីការបស់តុលាការកំពូល នៅចំណុចទី២ បានបញ្ជាក់ថា ការដែលសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមរដ្ឋប្បវេណី របស់សាលាដំបូងខេត្តស្វាយរៀង ទុកជាបានការ ដោយច្រានចោលការទាមទារដីទំនាស់របស់ដើមចោទនោះ ជាការត្រឹមត្រូវហើយ ព្រោះថាទីតាំងដីទំនាស់នេះ មិនមែនជាអតីតដីលំនៅឋានពីមុនៗមកនោះទេ ហើយប្រជាជនជាច្រើន ដែលបានមករស់នៅតំបន់នេះក្រោយឆ្នាំ១៩៧៩ ក៏បានចាកចេញជាបន្តបន្ទាប់អស់ហើយដែរ នៅសល់តែដើមចោទម្នាក់ឯងប៉ុណ្ណោះ ។
ដើមចោទ ក៏បានដឹងច្បាស់ហើយ អំពីសាវតាទីតាំងដីទំនាស់នេះពីមុនមក គឺជាអតីតដីវាលយន្តហោះ ដែលជាដីរបស់រដ្ឋមិនមែនជាទីតាំងដីឯកជនទេ។ ម៉្យាងទៀត ដីទំនាស់នេះត្រូវបានក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្រូវឲ្យមានការចុះបញ្ជីសារពើភ័ណ្ឌរួចហើយ ហើយសាលាស្រុករមាសហែក ក៏បានធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចនវត្ថុ ដែលបានបញ្ជាក់ថា ជាទីលានបាលទាត់របស់សាលាស្រុករមាសហែក គឺជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ រួចហើយដែរ។
ការអនុវត្តសាលដីការបស់តុលាការកំពូល នាព្រឹកមិញនេះ ទទួលបានជោគជ័យ និងមានការឧបត្ថម្ភថវិកាពី នាយឧត្តមសេនីយ៍ សៅ សុខា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក គណបក្សប្រជាជនកម្ពុជា។ ក្នុងនោះលោកនាយឧត្តមសេនីយ៍ បានឧបត្ថម្ភថវិកា ចំនួន៥ពាន់ដុល្លារជូនដល់ លោក ថោង សំអឿន និងភរិយា ដែលសុខចិត្តរុះរើដោយសន្តិវិធី។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភថវិកា៥ពាន់ដុល្លារ ជូនអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងប្រជាការពារផងដែរ៕ យឹមសុថាន