ខេត្តសៀមរាប៖ ច្បាប់មិនទាន់បានតែសំណង់ជិតរួច! ការដ្ឋានសាងសង់ស្ថានីយលក់សាំងមួយកន្លែងគ្មានច្បាប់អនុញ្ញាតអោយសាងសង់នោះទេ ប៉ុន្ដែសំណង់នេះកំពុងសាងសង់យ៉ាងរលូន ស្ថិតនៅទល់មុខវិទ្យាល័យអង្គរ តាមដងផ្លូវ៧មករា ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបបានអះអាងថា សំណង់នេះមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយ ហើយអាជ្ញាធរជំនាញក៏បានចុះទៅហាមឃាត់ផងដែរ តែបើតាមលោកដឹងគឺម្ចាស់សំណង់បានកំពុងរត់ច្បាប់ដូច្នេះស្មើរនឹងគ្មានច្បាប់។
បើតាមលោកអភិបាលក្រុងបញ្ជាក់ថា ការសាងសង់សំណង់ស្ថានីយលក់សាំង ត្រូវសុំច្បាប់ពីមន្ទីររ៉ែ និងថាមពល មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី អាជ្ញាធរខេត្ត និងក្រសួង។
ទោះយ៉ាងណា ករណីនេះ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ កំពុងព្រួយបារម្ភ ខ្លាចកើតមានហានិភ័យ ណាមួយកើតឡើង ដោយជាយថាហេតុ។
ពួកគាត់ស្នើដល់មន្ត្រីជំនាញ ចុះពិនិត្យឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស មុនចេញច្បាប់អនុញាត្តឲ្យ។ ប៉ុន្តែពួកគាត់ថា នៅកន្លែងទីប្រជុំជន យ៉ាងដូច្នេះ សូមអាជ្ញាធរជំនាញ សុំកុំចេញច្បាប់អនុញាត្ត ឲ្យសាងសង់ ព្រោះ អាចមានបញ្ហាកើតឡើង នៅថ្ងៃណាមួយ។ ដោយពួកគាត់រស់នៅជុំវិញការដ្ឋាននោះ មិនបានផ្តិតមេដៃឲ្យទេ។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថាការដ្ឋានខាងលើ ទំនងម្ចាស់សាងសង់ ជាស្ថានីយ ដើម្បីលក់សាំង ដោយ ទើបនឹងចាប់ផ្តើមសាងសង់។ ប៉ុន្តែការសាងសង់នោះ ទំនងចាក់ប៊ីតុង នាពេលយប់ៗ។
ដោយឡែកលោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ក៏បានប្រាប់ថា លោក និងឲ្យក្រុមការងារជំនាញចុះទៅពិនិត្យមើលនៅថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៩ ។
សូមរម្លឹកថាកាលពីពេលថ្មីៗនៅផ្លូវលោក តាខៀវណើយ ក្នុងសង្កាត់ស្លរក្រាម ក្រុងសៀមរាប មានហេតុការណ៍ អគ្គិភ័យឆេះទីតាំងលក់ហ្គាស មួយកន្លែងបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជាង១០នាក់ ។ ក្រោយហេតុការណ៍ ទើបដឹងថា ទីតាំងបង្កការឆេះនោះ មិនទាន់មានច្បាប់អនុញ្ញាតតែគេសង្កេតឃើញ មានការបើកលក់ជាច្រើនឆ្នាំមកហើយ។
ពលរដ្នថ្លែងថា មន្រ្ដីជំនាញពាក់ព័ន្ធត្រូវអនុវត្តច្បាប់អោយបានតឹងរឹងចំពោះសំណង់ ជួលឬលក់សារធាតុងាយឆាបឆេះ ដើម្បីបង្កាគ្រោះអសន្នដល់ប្រជាពលរដ្ន៕ ប៊ុនរិទ្ធិ