ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំតូច សាលាខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំពិភាក្សាលើគម្រោងសាងសង់ផ្លូវចំនួន ២២ ខ្សែ នៅក្នុងក្រុងព្រះសីហនុ ក្រោមអធិបតីភាព លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក នូ វឌ្ឍនៈ អនុរដ្ឋលេខាធិការក្រសួងសាធារណៈ និងដឹកជញ្ជូន លោក ហែម វណ្ណឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
នៅក្នុងឱកាសនេះ លោក បុរី វង្សសានិត ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឡើងរាយការណ៍ជូនគណៈធិបតី និងសមាជិកអង្គប្រជុំទាំងអស់ អំពីវឌ្ឍភាពគម្រោងផ្លូវទាំង ២២ខ្សែ ក្នុងខេត្តព្រះសីហនុ មានប្រវែងសរុប ៤០,៧៦០ ម៉ែត្រ ដែលត្រូវស្ថាបនាឱ្យសមស្របតាមទៅតាមទំហំចរាចរណ៍ និងការអភិវឌ្ឍនៅក្នុងខេត្តនាពេលបច្ចុប្បន្ន និងអនាគត ប៉ុន្តែទន្ទឹមនឹងនោះក៏មានសំណង់ល្មើសច្បាប់មួយចំនួនដែលបានសាងសង់នៅលើដីចំណីផ្លូវត្រូវរុះរើចេញ គម្របលូបេតុងដែលធ្វើនៅលើប្រឡាយត្រូវរុះរើចេញ និងត្រូវស្តារប្រឡាយរួចបោះបង្គោលកំណត់ព្រំប្រឡាយនានាក្នុងក្រុងព្រះសីហនុ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុទាំងអស់ចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បញ្ឈប់ការសាងសង់រំលោភយកដីចំណីផ្លូវ ចោលសំរាមចូលទៅក្នុងប្រព័ន្ធបង្ហូរទឹកនានា និងចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុទាំងមូល ៕ ឆ្លាម សមុទ្រ