ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យចាក់សម្លាប់បុរសម្នាក់ជាអ្នកដឹកឥវ៉ាន់ Online ប្លន់ម៉ូតូនៅខណ្ឌពោធិ៍សែនជ័យ រួចគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកដឹកឥវ៉ាន់ Online ត្រូវឃាតកចាក់សម្លាប់ ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ខណៈពេលនេះ សង្ស័យថា ជាករណីប្លន់សម្លាប់ ព្រោះមុនពេលជនរងគ្រោះស្លាប់ បានស្រែកឲ្យគេជួយថាមានចោរប្លន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងសំណង់ផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ច បញ្ជាក់ថា សពបុរសរងគ្រោះឈ្មោះ ជីន សុភា អាយុ៣២ឆ្នាំ មានមុខរបរជាអ្នកដឹកឥវ៉ាន់តាមអនឡាញ និងមានស្រុកកំណើត ស្ថិតនៅភូមិខ្សាច់ឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។

មធ្យោបាយធ្វើដំណើរម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 1R-8743។

ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះ បានរត់ចេញពីកន្លែងសំណង់ផ្ទះល្វែង ទុកចោលខាងលើចម្ងាយ ជាង១០០ម៉ែត្រ ហើយបានស្រែកហៅឲ្យគេជួយផងមានគេប្លន់គាត់ ហើយរត់មកទាំងខ្លួនត្រូវគេចាក់ចំជើងទាំងសងខាង រត់មកដួលក្នុងថ្លុកទឹក។

ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាខលហៅរថយន្តសង្រ្គោះបន្ទាន់ ដើម្បីដឹកបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យផងដែរ តែដោយសារជនរងគ្រោះ ហូរឈាមច្រើនពេកពិបាក ក្នុងការក្នុងការជួយសង្គ្រោះ បណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ ដើម្បីចុះមកធ្វើការត្រួតពិនិត្យសព ដើម្បីធ្វើកំណត់ហេតុប្រគល់ សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនសង្ស័យ សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវ និងតាមចាប់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ សុខា សែនជ័យ


ចែករំលែក៖