ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មានមន្ត្រីយោធាពាក់ផ្កាយ៣មួយរូបឃុបឃិតឲ្យមានការបើកសង្វៀនបញ្ជល់មាន់នៅចំណុចបន្ទាយយោធាសាលាហ្វឹកហ្វឺនភ្នំស្រង់ ដំណើរការយ៉ាងរលូនព្រោះគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។ ប្រជាពលរដ្ឋរស់នៅតំបន់ភ្នំស្រង់ ក្បែរបន្ទាយយោធាសាលាហ្វឹកហ្វឺនភ្នំស្រង់ បានបញ្ជាក់ថា សង្វៀនបញ្ជល់មាន់ទ្រង់ទ្រាយធំបើកដំណើរការជាយូរមកហើយ ប៉ុន្តែលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ មិនចាត់វិធានការបង្ក្រាបឡើយ។
ប្រភពពីមន្ត្រីយោធានៅក្នុងសាលាហ្វឹកហ្វឺនភ្នំស្រង់ បានបង្ហើបឲ្យដឹងថា សង្វៀនបញ្ជល់មាន់នៅក្នុងបន្ទាយយោធាសាលាហ្វឹកហ្វឺន កំពុងដំណើរការយ៉ាងរលូន ហើយលោកផ្កាយ៣ម្នាក់ទទួលបានថ្លៃឈ្នួលនៅសង្វៀនបញ្ជល់មាន់នោះក្នុងមួយខែ៣ម៉ឺនដុល្លារ។ ប្រភពបានបង្ហើបឲ្យដឹងទៀតថា មានអ្នកចូលរួមលេងល្បែងបញ្ជល់មាន់នៅសង្វៀនក្នុងបន្ទាយយោធាសាលាហ្វឹកហ្វឺនភ្នំស្រង់ យ៉ាងច្រើនកុះករ ហើយការបញ្ជល់មាន់ក្នុងមួយគូៗមានដាក់ដើមថាន់ពី១ម៉ឺនដុល្លារទៅ២ម៉ឺនដុល្លារក៏មានដែរ។ ចំណែកមន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ ថ្នាក់ស្រុក គ្មាននរណាហ៊ានទៅក្បែរសង្វៀនបញ្ជល់មាន់ក្នុងបន្ទាយយោធាសាលាហ្វឹកហ្វឺនភ្នំស្រង់ នោះទេ ព្រោះលោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ រក្សាភាពស្ងៀមស្ងាត់យ៉ាងល្អ ។
ថ្មីៗនេះ អ្នកលេងល្បែងបញ្ជល់មាន់មួយក្រុមត្រូវសមត្ថកិច្ចបង្ក្រាបជាមួយវត្ថុតាងមួយចំនួននៅចំណុចព្រៃខាងជើងភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចនគរបាលស្រុកសំរោងទង ឃាត់ខ្លួនអ្នកលេងល្បែងបញ្ជល់មាន់៣នាក់ជាមួយវត្ថុតាងជញ្ជីងថ្លឹងមាន់មួយ មាន់មួយក្បាល និងម៉ូតូចំនួន២គ្រឿងដើម្បីចាត់ការតាមនីតិវិធី។ ចំណែកសង្វៀនបញ្ជល់មាន់ដ៏ធំនៅក្នុងបន្ទាយយោធាសាលាហ្វឹកហ្វឺនភ្នំស្រង់ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ មិនទាន់ឃើញមានសមត្ថកិច្ចណាបង្ក្រាបនៅឡើយទេ ហើយមន្ត្រីយោធាពាក់ផ្កាយ៣ម្នាក់កំពុងប្រមូលលុយបានរាប់ម៉ឺនដុល្លារក្នុងមួយខែៗ។ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកគងពិសី បានឲ្យដឹងថា សង្វៀនបញ្ជល់មាន់នៅក្នុងបន្ទាយយោធាសាលាហ្វឹកហ្វឺនភ្នំស្រង់ មានកងការពារសន្តិសុខ២៤ម៉ោងលើ២៤ម៉ោង ហេតុនេះហើយទើបមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានទៅក្បែរ ព្រោះសូម្បីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ក៏សម្ងំស្ងាត់ឈឹងដែរ ៕