ព័ត៌មានទាន់ហេតុការណ៍៖

គណៈរដ្ឋមន្ត្រីលាលែងពីតំណែងដើម្បីរៀបចំ​ជាថ្មី 

ចែករំលែក៖

នៅថ្ងៃទី​១១ ខែកញ្ញានេះ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានធ្វើការរុះរើស​មាស​ភាពនៃ​គណ​បក្សកាន់អំណាច LDP ដើម្បីរៀបចំជាថ្មីឡើងវិញ​។ លោក អាបេ បាន​តែង​តាំងរដ្ឋមន្រ្តីអូឡាំពិក លោក ស៊ូហ្សូគិ ស៊ូនីឈិ (Suzuki Shunichi) ជាប្រធានអគ្គក្រុម​ប្រឹក្សា​គណបក្ស។ លោក នីកៃ តូស៊ីហ៊ីរ៉ូ (Nikai Toshihiro) នៅបន្តរក្សា​តំណែងជាអគ្គ​លេខាធិ​ការ​បក្សដូចដើម ខណៈអតីតរដ្ឋមន្រ្តីការបរទេស លោក គីហ្ស៊ីដា ហ្វូមីអូ (Kishida Fumio) ក៏​នៅ​តែកាន់តួនាទីជា ប្រធានក្រុមប្រឹក្សា​ស្រាវជ្រាវគោល​នយោ​បាយរបស់ LDP ដដែលផង​ដែរ។

ចំណែកឯអតីតរដ្ឋមន្រ្តីអប់រំ លោក ហ្ស៊ីម៉ូមួរ៉ា ហាគុប៊ុន (Shimomura Hakubun) នឹងឡើង​ជាប្រធានគណៈកម្មាធិការយុទ្ធសាស្រ្តបោះឆ្នោតរបស់បក្ស ។ បើតាមសេចក្តីរាយការណ៍​ព័ត៌​មានរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន រដ្ឋមន្រ្តីហិរញ្ញវត្ថុលោក អាសូ តារ៉ូ (Aso Taro) និងអ្នក​នាំពាក្យរដ្ឋាភិបាល លោក ស៊ូហ្គា យ៉ូហ្ស៊ហ៊ីដេ(Suga Yoshihide) នឹងរក្សាតំ​ណែងដ​ដែល​។

ជាមួយគ្នានេះលោក អាបេ ត្រូវគេរំពឹងថា នឹងតែងតាំងអតីតកីឡាការនីជិះស្គី និងជាប្រធាន​សហព័ន្ធកីឡាស្គីជប៉ុន លោកស្រី ហាមីម៉ូតុ សៃកុ (Hashimoto Seiko) ជារដ្ឋមន្រ្តីអូឡាំពិក ដើម្បីទទួលបន្ទុករៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ នៅទីក្រុងតូក្យូ។ បន្ថែម​ពីនេះ លោក កូអ៊ីហ្សូមិ ហ្ស៊ីនជីរ៉ូ (Koizumi Shinjiro) ដែលជាកូន​ប្រុសអតីតនាយ​ករដ្ឋមន្រ្តី កូអ៊ីហ្សូមិ (Koizumi Junichiro) ត្រូវគេរំពឹងថា ស្ថិតក្នុងចំណោមរដ្ឋមន្រ្តីថ្មីចំនួន ១៣រូប ក្នុងចំណោមរដ្ឋមន្រ្តីទាំង ១៩រូបដែលនឹងត្រូវតែងតាំង។

នៅក្នុងព្រឹត្តិការមួយផ្សេងទៀត ពាក់ព័ន្ធជម្លោះពាណិជ្ជកម្ម​រវាង​កូរ៉េខាងត្បូង និងជប៉ុន​កាន់តែ​​​សាយភាយ​ធំឡើង​ ជាក់ស្តែង​នៅពេល​នេះ ក្រសួងពាណិជ្ជកម្ម​របស់កូរ៉េខាងត្បូង បានសម្រេចប្តឹង​ជប៉ុន ដែលបាន​​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​នូវការនាំចេញ​ ​សម្ភារបច្ចេកវិទ្យា​ខ្ពស់​មួយចំនួន​ របស់​កូរ៉េ​ខាងត្បូង​នោះ ទៅកាន់​អង្គការ​ពាណិជ្ជកម្មពិភពលោក (WTO)ហើយ ។

លោកស្រី Yoo Myung-hee រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​កូរ៉េខាងត្បូង​បានថ្លែង​ក្នុងសន្និសីទ​កាសែត​នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ថា រដ្ឋាភិបាលកូរ៉េខាងត្បូង​បានសម្រេច​​ប្តឹង​ជប៉ុន​ទៅកាន់​អង្គការពាណិជ្ជកម្មពិភពលោក​ ប្រឆាំងតវ៉ាចំពោះទង្វើរបស់ជប៉ុន​ និងដើម្បី​ការពារ​ផលប្រយោជន៍ជាតិ និងការពារ​កុំឲ្យមានការរំលោភ​បំពាន​ជាថ្មីម្តង​ទៀត​​​មកលើសេដ្ឋកិច្ច​ពាណិជ្ជកម្ម ដោយសារតែហេតុផលនយោបាយនោះ ។

លោកស្រី Yoo បានថ្លែងថា ជប៉ុន​បានរឹតបន្តឹង​ត្រួតពិនិត្យ​ការនាំចេញ​សម្ភារ​បច្ចេកវិទ្យា​ជា​ន់​​ខ្ពស់​​​ទៅកាន់​កូរ៉េខាងត្បូងនោះ ជាហេតុផលនយោបាយប្រឆាំង​មកលើសេចក្តី​សម្រេច​រប​ស់តុលាការកំពូលកូរ៉េខាងត្បូង ដែលបានអនុម័ត​ឲ្យក្រុមហ៊ុនជប៉ុន​សងសំណង​ជំងឺចិត្ត​ដល់​ពលរដ្ឋកូរ៉េខាងត្បូង ដែលរងទុក្ខ ទារុណកម្ម ជិះជាន់​ ធ្វើពលកម្ម​ដោយបង្ខិតបង្ខំពីសំ​ណាក់​ទាហានជប៉ុនអំឡុងសម័យអាណានិគមន៍​នៅឧបទ្វីបកូរ៉េ ពីឆ្នាំ​១៩១០ដល់ឆ្នាំ១៩៤៥ ៕


ចែករំលែក៖