ខេត្តពោធិ៍សាត់៖ យ៉ាងតិចមានមនុស្សចំនួន ៣នាក់បានរងរបួសធ្ងន់ស្រាល ក្នុងករណីអំពើហិង្សាបីករណីផ្សេងៗគ្នាជាបន្តបន្ទាប់ ។
ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋអន្លង់រាបឃើញថា នៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីហិង្សាដោយចេតនាមួយបានកើតឡើង ដោយឈ្មោះ ម៉ៅ ម៉ន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ បានដាល់ឈ្មោះ ជា ងឿន ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នាចំនួន ២ដៃ ខណៈទំនាសពាក់សម្ដីក្នុងវង់ផឹកសុី បណ្ដាលឲ្យបែកឈាមក៏ត្រូវនគរបាលហៅទៅបន្តនីតិវិធី ។
ប្រភពដដែលបន្តថា លុះនៅវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី១០ ខែឆ្នាំដដែល ស្ថិតក្នុងភូមិ.ឃុំខាងលើដដែល មានករណីហិង្សាដោយចេតនាម្ដងទៀត បង្កឡើងដោយស្រ្តីជាប្រពន្ធឈ្មោះ សយ ផល្លី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ បានយកកាំបិតចុងស្រួចចាក់បុរសជាប្ដីឈ្មោះ សុង ខន អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកស្រ្តីជាជនសង្ស័យដៃដល់(ប្រពន្ធ) នាំមកអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី មូលហេតុទំនាស់ពាក្យសម្ដីគ្នាព្រោះស្រវឹងអ៊ួទីនួទាំងប្ដី ប្រពន្ធ ។
ដោយឡែក៖ ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំក្រវាញឯណេះវិញ នៅវេលាម៉ោង០០ និង៣០នាទី កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ក៏មានករណីហិង្សាដោយចេតនាក្នុងគ្រួសារ ១លើកដែរ បង្កឡើងដោយបុរសជាប្ដីឈ្មោះ ទា ថេងហួយ អាយុ ៥១ឆ្នាំ បានវាយប្រភពឈ្មោះ ស៊ូ គឹមនា អាយុ ៤០ឆ្នាំ អ្នកទាំង ២នាក់ប្ដីប្រពន្ធ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ក៏ត្រូវទៅផ្សះផ្សាគ្នានៅចំពោះមុខសមត្តកិច្ចនគរបាលផងដែរ ដូច្នេះរយៈពេល ២ថ្ងៃគឺ ថ្ងៃទី៩.១០ ខែកញ្ញា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនាដល់ទៅចំនួន ៣លើក ដោយសារការផឹកសុី និងភ្លើងប្រចណ្ឌឆេះរោលក្នុងបេះដូង ៕ បុឹម ពិន