ខេត្តត្បូងឃ្មុំ ៖ ព្រះសង្ឃមួយអង្គក្នុងចំណោមទាំង១០អង្គទៀតបានសុគត ដោយសារតែការបាក់រលំដើមកៅស៊ូមួយដើមសង្កត់ពីលើ នៅពេលព្រះសង្ឃអង្គទាំងនោះបាននិមន្តចេញទៅរកអុស ដើម្បីរៀបចំដុតចម្អិនចង្ហាន់ ។ ករណីនេះភ្ញាក់ផ្អើលដល់ប៉ូលិសនៅវេលាម៉ោង១រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចចំការកៅស៊ូឆ័ត្រយោង ស្ថិតនៅខាងលិចឈាងខាងជើងភូមិមែកពុក ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សពព្រះសង្ឃមានព្រះនាម ទុយ ទី ព្រះជន្ម១៦ព្រះវស្សា ជាតិខ្មែរ មានទីលំនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មកគង់ស្នាក់នៅ វត្តបុព្វសុវណ្ណារាមដារ (វត្តដារ) ស្ថិតក្នុងភូមិដារជើង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
តាមសាក្សីពិនិត្យនៅកន្លែងកើតហេតុ ព្រះសង្ឃមួយអង្គនេះបានសុគតមួយរំពេច ដោយបាក់រលំដើមកៅស៊ូសង្កត់លើចំកញ្ចឹងក ខណៈដែលព្រះសង្ឃរងគ្រោះ និងព្រះ១០អង្គទៀតបាននិមន្តចេញទៅរកអុស ដើម្បីយកមកដុតចំអិនចង្ហាន់ ។
ដោយឡែក ក្រោយពីទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញផ្នែកពិនិត្យ និងវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដារ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងសន្និដ្ឋានថា សពសង្ឃអង្គនេះពិតជាត្រូវបានសុគតដោយការបាក់រលំដើមកៅស៊ូសង្កត់លើ ពុំមានការពាក់ពន្ធ័នឹងករណីឃាតកម្មឡើយ ៕ វណ្ណៈ