ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដក្រុងក្រុមហ៊ុនភ្នំពេញពេញចិត្ដបើកបុកម៉ូតូបើកនៅខាងមុខបណ្ដាលឲ្យបុរស២នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្ដក្រុងម៉ាកហ៊ីយ៉ាន់ដាយ របស់ក្រុមហ៊ុន ភ្នំពេញ ពេញចិត្ដ បើកបុកម៉ូតូមួយគ្រឿង ដែលបើកនៅខាងមុខ ស្របទិសគ្នា បណ្ដាលឲ្យបុរស២នាក់ ជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ បាត់បង់ជីវិតក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៩និង១៤នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩  លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២៦_២៧  ស្ថិតក្នុងភូមិពញាឮ  ឃុំពញាឮ ស្រុកពញាឭ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញឮបានឲ្យដឹងថា រថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ    ប្រភេទរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន(ភ្នំពេញ ពេញចិត្ត) ពណ៌ស+ក្រហម ពាក់ស្លាកលេខភ្នំពេញ 3C-6341 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។ ចំណែកជនរងគ្រោះស្លាប់មានគ្នា២នាក់ ទី១/ឈ្មោះ ផាន់ រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងប្រសប់  ឃុំរាម ស្រុករមាសហែក ខេត្តស្វាយរៀង ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥  ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1K-4596 និងជនរងគ្រោះទី២/ឈ្មោះ  សម្បត្តិ  ភេទប្រុស  អាយុ២៧ឆ្នាំ (ទីលំនៅជាមួយគ្នា)ជាអ្នករួមដំណើរ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទរថយន្ដក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុនភ្នំពេញ ពេញចិត្ដ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង (ភ្នំពេញ-កំពង់ឆ្នាំង) លុះបើកមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ដែលបើកបរស្របទិសគ្នានៅខាងមុខ បណ្ដាលឲ្យបុរស២នាក់ ជាអ្នកបើកបរម៉ូតូដួលបោកទៅនឹងផ្លូវ ស្លាប់ភ្លាមៗយ៉ាងអណោចអធ័ម រីឯអ្នកបើកបររថយន្ដបានទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការអន្ដរាគមន៍ ពិនិត្យកន្លែងកើតហេតុ រួចធ្វើការវាស់វែង កសាងឯកសារដកហូតយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាង​ជ័យ​


ចែករំលែក៖